ការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ ទោះប្រឈមការអនុវត្តពន្ធគយបន្ថែម ១០%
ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក នៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន និងរក្សាបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦នេះ ទោះបីជាទំនិញកម្ពុជាត្រូវប្រឈមនឹងការអនុវត្តពន្ធគយបន្ថែម ១០% ពីសហរដ្ឋអាម៉េរិកក៏ដោយ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក ក្នុងរយៈពេលពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៥,៧៣ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ជាមួយគ្នានេះ ការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាម៉េរិក ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ដោយសម្រេចបានទំហំទឹកប្រាក់ប្រមាណ ២៣១លានដុល្លារអាម៉េរិក កើនឡើង ៩២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមរយៈលទ្ធផលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ សម្រេចបានប្រមាណ ៥,៩៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជា នៅតែរក្សាបានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកក្នុងទំហំជាង ៥,៥ពាន់លានដុល្លារអាម៉េរិក។
កំណើននៃការនាំចេញនេះ ឆ្លុះបញ្ចាំងពីសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា និងទំនុកចិត្តរបស់អ្នកបញ្ជាទិញអាម៉េរិកចំពោះខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជា។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ទៅទីផ្សារអាម៉េរិក រួមមាន សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងសង្ហារិម កង់ និងផលិតផលកសិកម្មមួយចំនួន។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ ដើម្បីរក្សាកំណើនពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែម ក្នុងបរិបទសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកដែលកំពុងប្រែប្រួល៕