ព័ត៌មានអន្តរជាតិ

លោក ពុទីន រិះគន់ធ្ងន់ៗលើទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិច ដែលប្រឆាំងនឹងមជ្ឈមណ្ឌលកុមារនៅក្នុងប្រទេសរុស្ស៊ី

image


 
រុស្ស៊ី៖ នៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋាភិបាលនាទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន បានចេញមុខរិះគន់ធ្ងន់ៗ ទៅលើចំណាត់ការរបស់សហភាពអឺរ៉ុប ដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយ ទៅលើមជ្ឈមណ្ឌល និងជំរំកុមារនៅក្នុងប្រទេសរុស្ស៊ី ។
 
មេដឹកនាំរុស្ស៊ីរូបនេះ បានហៅទណ្ឌកម្មរបស់លោកខាងលិចថា ជាទង្វើដ៏ឆោតល្ងង់ជាទីបំផុត និងជាការគំរាមកំហែងបែបគំនិតមិនថ្លៃថ្នូរទាល់តែសោះ ដែលព្យាយាមធ្វើបាបសូម្បីតែក្មេងៗ ខណៈរុស្ស៊ីកំពុងតែដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការអប់រំកុមារ ។
 
លោក ពុទីន បានឌឺដងទៅកាន់ក្រុមមេដឹកនាំអឺរ៉ុបថា ជាប្រភេទបុគ្គលដែលឈ្លក់វង្វេងតែរឿងយេនឌ័រ និងការការពារក្រុមអ្នកស្រឡាញ់ភេទដូចគ្នា រហូតត្រូវមកទាស់ភ្នែក មិនចង់ឃើញកុមាររុស្ស៊ីមានសេចក្តីសុខ និងមានស្មារតីស្នេហាជាតិ ។
 
ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចយ៉ាងណាក៏ដោយ លោក ពុទីន បានប្រកាសថា រដ្ឋាភិបាលរុស្ស៊ី នឹងនៅតែធានាបង្កលក្ខណៈងាយស្រួល ឱ្យកុមាររុស្ស៊ីជាង ៥លាននាក់ បានទៅសម្រាកលំហែកាយនៅតាមជំរំ និងរមណីយដ្ឋាននានាក្នុងរដូវក្តៅនេះ ។
 
ជាមួយគ្នានេះ លោកប្រធានាធិបតី បានបង្ហាញពីសមិទ្ធផលនៃការប្រើប្រាស់ថវិកាជាតិ ចាប់តាំងពីឆ្នាំ២០២៣ មក ដោយរុស្ស៊ីបានជួសជុល និងសាងសង់មជ្ឈមណ្ឌលកម្សាន្តកុមារថ្មីៗបានរាប់រយកន្លែង ដែលរួមមានទាំងសាលកីឡា អាហារដ្ឋាន និងបន្ទប់ព្យាបាលជាដើម ។
 
ផ្ទៃរឿងនៃការផ្ទុះសម្តីដ៏ក្តៅគគុកនេះ បានកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុប កាលពីខែមុន បានសម្រេចចិត្តដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១៦រូប និងស្ថាប័នចំនួន ៧ ដោយក្នុងនោះបានរាប់បញ្ចូលទាំងជំរំយុវជន ដែលស្ថិតនៅក្រោមក្រសួងអប់រំរុស្ស៊ី ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.