លោក ត្រាំ ទម្លាយរឿងសម្ងាត់ថា អាម៉េរិកបានដឹកជញ្ជូនប្រេងរាប់លានបារ៉ែលចេញពីច្រកសមុទ្រហ័រមូស ដើម្បីរក្សាតម្លៃប្រេងសកល
សហរដ្ឋអាម៉េរិក៖ ក្នុងអំឡុងសន្ទនាជាមួយអ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានទម្លាយពីប្រតិបត្តិការសម្ងាត់មួយ ដែលសហរដ្ឋអាម៉េរិកបានធ្វើការដឹកជញ្ជូនប្រេងរាប់លានបារ៉ែលចេញពីច្រកសមុទ្រ ហ័រមូស ដោយជោគជ័យ ទាំងដែលភាគីអ៊ីរ៉ង់មិនបានដឹងខ្លួនទាល់តែសោះ ។
លោក ត្រាំ បានពន្យល់ថា ក្រុមការងាររបស់លោកបានប្រើប្រាស់នាវាចំនួន ២២ គ្រឿង បើកបរនៅពេលយប់ជ្រៅដោយមិនប្រើប្រាស់ភ្លើងបំភ្លឺ ឬប្រព័ន្ធរ៉ាដា ដើម្បីគេចចេញពីការចាប់បានណាមួយរបស់អ៊ីរ៉ង់ ស្របពេលដែលប្រព័ន្ធរ៉ាដារបស់អ៊ីរ៉ង់ ត្រូវអាម៉េរិកវាយកម្ទេចចោលអស់ហើយ ។
មេដឹកនាំអាម៉េរិករូបនេះ បានបញ្ជាក់ជាបន្តទៀតថា មូលហេតុដែលលោកមិនទាន់ប្រាប់រឿងនេះនៅពេលកន្លងមក ព្រោះលោកខ្លាចខូចផែនការដឹកជញ្ជូនប្រេង ប៉ុន្តែពេលនេះអ៊ីរ៉ង់បានដឹងខ្លួនហើយ ទើបលោកអាចនិយាយរឿងនេះជាសាធារណៈឡើងមកបានយ៉ាងដូច្នេះ ។
លោក ត្រាំ ក៏បានភ្ជាប់បញ្ហានេះទៅនឹងតម្លៃប្រេងនៅលើទីផ្សារពិភពលោក ដោយលោកបានធ្វើការអះអាងថា សកម្មភាពដឹកជញ្ជូនប្រេងចេញក្រៅពីសំណាក់អាម៉េរិកនេះហើយ ទើបធ្វើឱ្យតម្លៃប្រេងសកលមានស្ថិរភាពនៅក្នុងតម្លៃ ៨៥ ដុល្លារក្នុងមួយបារ៉ែល ។
ភាពតានតឹងនៅតំបន់នេះកាន់តែខ្លាំងឡើងៗ ដោយអ៊ីរ៉ង់បានបិទផ្លូវនាវាដែលមិនមែនជាមិត្ត ដោយមិនឱ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស ខណៈអាម៉េរិកវិញបានបិទកំពង់ផែអ៊ីរ៉ង់ជាការឆ្លើយតប។ លោក ត្រាំ បានព្រមានថា អ៊ីរ៉ង់បានខកខានឱកាសចរចាដ៏ល្អ ដូច្នេះពួកគេនឹងត្រូវរងការទទួលខុសត្រូវ ។
គួររំឭកថា ជម្លោះនេះ បានឈានដល់កម្រិតមួយទៀត កាលពីចុងសប្ដាហ៍កន្លងទៅ នៅពេលដែលមានការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទអាផាឈី (Apache) និងដ្រូនរវាងភាគីទាំងពីរ ដែលនាំឱ្យអ៊ីរ៉ង់បើកការវាយបកវិញ ទៅលើគោលដៅយោធានានារបស់សហរដ្ឋអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ AP/ jagranjosh on Microsoft Bing.