សង្គម

អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ

image


ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនាថា ប្រធានបទទិ​វាជាតិ​អប់រំ​បណ្តុះ​បណ្តា​លបច្ចេកទេស និង​វិជ្ជាជីវៈ(TVET Day) លើកទី៩ ឆ្នាំ២០២៦ នេះ​ឆ្លុះបញ្ចាំ​ង​យ៉ាង​ច្បាស់ពី​តម្លៃពិតនៃ​ការសិក្សាជំ​នាញ។

លោកថ្លែ​ងថា៖«”TVET ផ្ដល់​ជំនាញ ការ​ងារ និងប្រាក់ចំណូល” ជា​ប្រ​ធាន​បទ TVET DAY ឆ្នាំនេះ ហើយប្រធាន​បទនេះ​បានឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​តម្លៃនៃ​ការសិក្សា​ជំនាញ ពោល​គឺនៅពេលយុវ​ជនមាន​ជំនាញ​ច្បាស់​លាស់ ពួកគេនឹ​ងមានឱកាសទទួល​បានការ​ងារស​មរម្យ មាន​ប្រាក់​ចំណូល និង​អាចអភិ​វឌ្ឍជីវភា​ពគ្រួសារឱ្យ​កាន់តែប្រ​សើរឡើង»។

បើតាម​លោក ស៊ុន មេសា ក្រសួងការងារ និងប​ណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀ​បចំប្រារព្ធ​ទិវាជាតិអប់រំប​ណ្តុះបណ្តាលប​ច្ចេកទេស និងវិជ្ជាជីវៈ​ (TVET Day) លើ​កទី៩ ឆ្នាំ២០២៦ នៅថ្ងៃទី​១៥-១៦ ខែមិថុនា ឆ្នាំ​២០២៦ ក្រោ​មប្រធានបទ «TVET ផ្ដល់ជំ​នាញ ការ​ងារ និងប្រាក់​ចំណូល» នៅមណ្ឌល​សន្និ​បា​ត និង​ពិព័រ​ណ៌កោះ​ពេជ្រ ក្នុង​គោល​បំណង​លើក​កម្ពស់កា​រយល់ដឹ​ងអំពីសា​រៈសំខាន់នៃ​ការអប់រំប​ណ្តុះបណ្តា​លបច្ចេក​ទេស និ​ងវិជ្ជាជីវៈ និង​ជំរុញ​ការអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យស្របតាម​តម្រូវកា​រទីផ្សា​រការងារ។

លោកបន្ថែម​ថា ទិវាជាតិ TVET មិនត្រឹម​តែជាវេទិកាផ្ស​ព្វផ្សាយអំពីការអ​ប់រំបណ្តុះបណ្តា​លបច្ចេកទេស និង​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​ជា​ឱកាស​បង្ហាញសមិទ្ធផល ស្នាដៃ និងសក្តានុពលរបស់សិស្ស-និស្សិត TVET ក៏ដូចជាភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិ​ស័យ​ឯក​ជន ដើម្បីធានាថា​ការបណ្តុះ​បណ្តាល​ឆ្លើយតប​ទៅនឹងត​ម្រូវការ​ជាក់ស្តែង​នៃទីផ្សា​រការងារ។

លោកបន្ថែមទៀ​តថា ប្រធាន​បទ «TVET ផ្ដល់ជំ​នាញ ការ​ងារ និងប្រាក់​ចំណូល» សម្រាប់ឆ្នាំ​២០២៦នេះ ស្របតា​មយុទ្ធសា​ស្ត្របញ្ច​កោណ ដំណា​ក់​កាល​ទី១ ដែលផ្តោត​លើការក​សាង និងអភិវ​ឌ្ឍមូលធន​មនុស្សប្រក​បដោយគុណ​ភាព សម​ត្ថភាព ជំនា​ញវិជ្ជាជីវៈ និងន​វានុវត្តន៍ ដើម្បីស​ម្រេចគោ​ល​ដៅ ពលរដ្ឋ​ម្នាក់​មានជំនា​ញមួយ​យ៉ាងតិច​ប្រចាំជីវិត។

តាមរយៈការ​ប្រារព្ធទិ​វាជាតិ TVET លើក​ទី៩ ឆ្នាំ២០២៦ ​នេះ ក្រសួ​ងការងារ និងបណ្តុះប​ណ្តាលវិជ្ជាជីវៈ រំ​ពឹងថា​នឹ​ងបន្ត​ជំរុញកា​រយល់ដឹ​ងរបស់​សា​ធារ​ណជ​នអំពីសារៈ​សំខាន់នៃ​ការសិក្សាជំនា​ញ និងលើ​កទឹកចិត្តយុវ​ជនឱ្យចូលរួម​រៀនជំនាញកាន់តែ​ច្រើន ដើម្បីទទួ​លបាន​ការងារល្អ មានប្រាក់​ចំណូ​ល​សមរម្យ និងរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិ​ច្ចជាតិប្រក​បដោយចី​រភាព។ នេះ​បើតាម​អ្នក​នាំពាក្យ​ដដែល៕