មនុស្ស ៩នាក់ស្លាប់ និង១០នាក់របួស ក្រោយការវាយប្រហាររបស់ប៉ាគីស្ថានលើតំបន់ព្រំដែនអាហ្វហ្គានីស្ថាន
អាហ្វហ្គានីស្ថាន៖ ប្រទេសប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរ ទៅលើតំបន់ព្រំដែនក្នុងខេត្ត ឃូស (Khost) ប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃអង្គារ ដែលបណ្តាលឱ្យផ្ទះសម្បែងរបស់ពលរដ្ឋត្រូវបំផ្លិចបំផ្លាញ ព្រមទាំងបានសម្លាប់ពលរដ្ឋស្លូតត្រង់ចំនួន ៩នាក់ និង ១០នាក់ផ្សេងទៀតរងរបួស ។
សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ទាំងក្តុកក្តួលថា យន្តហោះចម្បាំងបានទម្លាក់គ្រាប់បែកចំផ្ទះពលរដ្ឋ បណ្តាលឱ្យមានស្ត្រី និងកុមារតូចៗស្លាប់យ៉ាងអាណោចអាធ័ម ខណៈភាគីរដ្ឋាភិបាលប៉ាគីស្ថានបានចេញមុខអះអាងថា នេះជាការវាយប្រហារចំគោលដៅយោធាច្បាស់លាស់ ដែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធអស់ ២៦នាក់ ។
យុទ្ធនាការយោធាដ៏ក្តៅគគុកលើកនេះ ត្រូវគេមើលឃើញថា ជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតបន្ទាប់ពីប្រទេសជិតខាងទាំងពីរនេះ បានរក្សាភាពស្ងប់ស្ងាត់មួយរយៈពេលរួចមក ដោយសារតែកន្លងមក កិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងទីក្រុងដូហា និងកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល មិនអាចបង្កើតជាលទ្ធផលផ្លែផ្កាណាមួយឡើយ ។
ទំនាក់ទំនងរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានធ្លាក់ចុះដុនដាប និងពោរពេញទៅដោយភាពតានតឹងខ្លាំងជាបន្តបន្ទាប់ តាំងពីខែសីហា ឆ្នាំ២០២១ មកម៉្លេះ ពោលគឺចាប់តាំងពីពេលដែលក្រុមតាលីបង់ បានវាយលុកកាន់កាប់រដ្ឋធានីកាប៊ុល និងគ្រប់គ្រងអំណាចដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.