ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ជំរុញលីបង់ឱ្យរួមដៃជាមួយអ៊ីស្រាអ៊ែល នៅក្នុងសង្គ្រាមប្រឆាំងក្រុមហេសបូឡាហ៍

image


 
អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញមុខអំពាវនាវផ្ទាល់ទៅកាន់ប្រជាជនលីបង់ ឱ្យងាកមករួមដៃជាមួយអ៊ីស្រាអ៊ែល ដើម្បីវាយកម្ទេចក្រុមប្រដាប់អាវុធហេសបូឡា ហ៍ ដោយលោកបញ្ជាក់ថា អ៊ីស្រាអ៊ែលមិនមែនជាសត្រូវជាមួយពលរដ្ឋលីបង់ឡើយ ប៉ុន្តែត្រូវបង្ខំចិត្តច្បាំងដើម្បីកម្ទេចក្រុមភេរវករដែលយកលីបង់ធ្វើជាចំណាប់ខ្មាំង។
 
មេដឹកនាំអ៊ីស្រាអ៊ែលបានប្តេជ្ញាថា នឹងបន្តប្រតិបត្តិការយោធាបោសសម្អាតក្រុមជ្រុលនិយមទាំងនេះ ចេញពីភាគខាងត្បូងលីបង់ ដើម្បីការពារសន្តិសុខជាតិ ព្រមទាំងបានសន្យាថា នៅពេលដែលក្រុមហេសបូឡាហ៍រលាយអស់ នោះអ៊ីស្រាអ៊ែលនឹងជួយជ្រោមជ្រែងលីបង់ឱ្យទទួលបានសន្តិភាព និងការអភិវឌ្ឍយ៉ាងរុងរឿង។
 
ចំណាត់ការសង្រ្គាមចិត្តសាស្ត្រនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលីបង់ លោក ចូសែហ្វ ឱន (Joseph Aoun) បានចេញមុខរិះគន់អ៊ីរ៉ង់ធ្ងន់ៗថា បានប្រើប្រាស់ប្រទេសលីបង់ធ្វើជាកូនអុកបម្រើផលប្រយោជន៍នយោបាយក្នុងការច្បាំងជាមួយអាម៉េរិក និងអ៊ីស្រាអ៊ែល ដែលទង្វើនេះ ធ្វើឱ្យប្រជាពលរដ្ឋលីបង់ធុញទ្រាន់នឹងសង្គ្រាមនេះខ្លាំងណាស់ទៅហើយ ។
 
ទោះបីជាមានការព្រមព្រៀងផ្អាកការវាយប្រហារគ្នាមួយអន្លើកាលពីដើមសប្តាហ៍ក៏ដោយ ប៉ុន្តែលោក ណេតាន់យ៉ាហ៊ូ នៅតែប្រកាសព្រមានថា សង្គ្រាមប្រឆាំងនឹងក្រុមហេសបូឡាហ៍ និងអ៊ីរ៉ង់ គឺមិនទាន់បញ្ចប់នៅឡើយទេ ខណៈប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បង្ហាញជំនឿចិត្តថា លោកអាចចរចាដោះស្រាយបញ្ហានយោបាយជាមួយអ៊ីរ៉ង់ ក្នុងពេលឆាប់ៗ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Edition CNN on Microsoft Bing.