រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក៖ បច្ចុប្បន្នសហរដ្ឋអាម៉េរិកគឺជាអ្នកគ្រប់គ្រង និងក្តោបក្តាប់ច្រកសមុទ្រ ហ័រមូសទាំងស្រុង
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) បានប្រកាសក្តែងៗថា បច្ចុប្បន្នសហរដ្ឋអាម៉េរិកគឺជាអ្នកគ្រប់គ្រង និងក្តោបក្តាប់ច្រកសមុទ្រ ហ័រមូស (Hormuz) ទាំងស្រុង ដោយសារតែអាម៉េរិកមានសមត្ថភាពការពារ និងដឹកជញ្ជូនប្រេងខ្នាតធំចេញចូលតំបន់នេះបានយ៉ាងរលូន ។
ភាគីអាម៉េរិកបានអះអាងថា យុទ្ធនាការបិទខ្ទប់ផ្លូវទឹកប្រឆាំងនឹងអ៊ីរ៉ង់ គឺមានលក្ខណៈរឹងមាំដូចដែកថែប ដោយក្នុងនោះកងទ័ពអាម៉េរិកបានស្ទាក់ចាប់ និងកាត់ផ្តាច់ដំណើរការនាវាដែលព្យាយាមចេញចូលកំពង់ផែរបស់អ៊ីរ៉ង់ បានចំនួនជិត ១៤០ គ្រឿងរួចមកហើយ គិតត្រឹមពេលបច្ចុប្បន្ន ។
ក្រៅពីការបិទខ្ទប់ផ្លូវទឹក លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីជោគជ័យរបស់បញ្ជាការដ្ឋានមជ្ឈិមអាម៉េរិក ហៅកាត់ថា សេនខម (CENTCOM) ដែលបានបើកការវាយប្រហារដោយបំផ្លាញចោលនូវរចនាសម្ព័ន្ធការពារជាតិសំខាន់ៗរបស់អ៊ីរ៉ង់ រួមមានទាំងកងទ័ពជើងទឹក កងទ័ពអាកាស និងប្រព័ន្ធការពារដែនអាកាសផងដែរ ។
ទោះជាស្ថានភាពយោធាកំពុងមានប្រៀបខ្លាំងក៏ដោយ លោក ហេកសេត បានបញ្ជាក់ថា គោលបំណងចម្បងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺចង់ប្រើប្រាស់សម្ពាធយោធាទាំងនេះ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ងាកមកចុះកិច្ចព្រមព្រៀងការទូតមួយ ដែលអាម៉េរិកអាចទទួលយកបាន ។
រដ្ឋមន្ត្រីអាម៉េរិករូបនេះ បានព្រមានចំៗទៅកាន់ទីក្រុងតេហ៍រ៉ង់ថា អ៊ីរ៉ង់គួរតែឆ្លាតវៃប្រញាប់ទទួលយកការចរចា ពីព្រោះបើបន្តបដិសេធ នោះអ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងការវាយប្រហារយោធាដ៏ខ្លាំងក្លាជាបន្តបន្ទាប់ពីសំណាក់កងទ័ពអាម៉េរិក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ CNBC TV18/ VIORY.