មនុស្ស ១២នាក់ស្លាប់ ក្នុងករណីបាញ់ប្រហារដ៏រន្ធត់មួយ នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង
អាហ្វ្រិកខាងត្បូង៖ មានករណីបាញ់ប្រហារដ៏រន្ធត់មួយ បានកើតឡើងនៅតំបន់សហគមន៍អនាធិបតេយ្យមួយកន្លែង ក្បែរទីក្រុង យ៉ូហានណេសប៊ឺគ (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២នាក់ត្រូវស្លាប់ភ្លាមៗ និង ៩នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្រោយពីត្រូវក្រុមខ្មាន់កាំភ្លើងមួយក្រុមធំ បើកការបាញ់រះយ៉ាងព្រៃផ្សៃ ។
យោងតាមប្រភពពីសមត្ថកិច្ច និងសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្មាន់កាំភ្លើងមានគ្នាជាង ១០នាក់ និងមានប្រដាប់ដោយអាវុធធុនធ្ងន់គ្រប់ដៃ បានសម្រុកចូលទៅវាយប្រហារនៅទីតាំងកើតហេតុ ដែលគេសង្ស័យថាជាកន្លែងលួចកែច្នៃ និងជួញដូររ៉ែខុសច្បាប់ខ្នាតតូចមួយនៅក្នុងសហគមន៍។
ក្រុមមន្ត្រីមូលដ្ឋាន បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដោយសារតែការបាញ់ប្រហារនេះ បានបង្កផលប៉ះពាល់ និងសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើននាក់ ដែលគ្រាន់តែរស់នៅក្បែរខាង និងបំពេញមុខរបរលក់ដូរចិញ្ចឹមជីវិតធម្មតា ប៉ុន្តែត្រូវរងគ្រោះដោយសារតែសង្រ្គាមដណ្តើមផលប្រយោជន៍ និងទឹកដីរបស់ក្រុមបក្សពួករុករុករ៉ែខុសច្បាប់។
ភ្លាមៗបន្ទាប់ពីកើតហេតុ កងកម្លាំងនគរបាលជាតិ បានដាក់ពង្រាយកម្លាំងជំនាញ និងក្រុមគ្រូពេទ្យចុះទៅពិនិត្យសាកសព ព្រមទាំងបានបើកយុទ្ធនាការតាមស្វែងរក និងចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងទាំងនោះជាបន្ទាន់ ខណៈមូលហេតុពិតប្រាកដនៃការវាយប្រហារដ៏សាហាវនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងដិតដល់នៅឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.