សង្គម

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពី «បដិសណ្ឋារកិច្ចរបស់វេជ្ជបណ្ឌិត ចំពោះអ្នកជំងឺប្រកបដោយសីលធម៌វិជ្ជាជីវៈ ជាគុណតម្លៃនៃសេវាសុខាភិបាល» ដើម្បីយកទៅអនុវត្តលើកកម្ពស់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ «កងទ័ពអាវស» ឱ្យកាន់តែល្បីល្បាញ និងទទួលបានការជឿទុកចិត្តកាន់តែខ្លាំង

image


 
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយស្តីពី «បដិសណ្ឋារកិច្ចរបស់វេជ្ជបណ្ឌិត ចំពោះអ្នកជំងឺប្រកបដោយសីលធម៌វិជ្ជាជីវៈ ជាគុណតម្លៃនៃសេវាសុខាភិបាល» ក្រោមអធិបតីភាពរបស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធសន្និសីទវីដេអូ (Zoom) ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យជាតិទាំង១១ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលយ៉ាងច្រើនកុះករ ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់បំផុតលើការអនុវត្ត «បដិសណ្ឋារកិច្ចល្អ» ក្នុងគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល ស្របតាមគោលការណ៍អាទិភាព «មិនបោះបង់ពលរដ្ឋណាម្នាក់» ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ពាក្យ "បដិសណ្ឋារកិច្ច" គឺកិច្ចសំដែងនូវការទទួលរាក់ទាក់ ដែលទាមទារឱ្យមានការចាត់ចែងការងារប្រទាក់ក្រឡាគ្នា ចាប់ពីការរៀបចំទីតាំងផ្តល់សេវាឱ្យងាយស្រួល រហូតដល់ឥរិយាបថ ពាក្យសម្តីរួសរាយ មិនរើសអើង និងការទទួលខុសត្រូវខ្ពស់របស់អ្នកផ្តល់សេវា» ។

វគ្គបណ្តុះបណ្តាលនេះ ទទួលបានការធ្វើឧទ្ទេសនាមដោយ លោក សេង យូអ៊ាវ ដោយផ្តោតលើការប្រែរក្លាយផ្នត់គំនិតបុគ្គលិកសុខាភិបាលពី «អ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវា» និងពង្រឹងជំនាញទន់ បន្ថែមលើជំនាញបច្ចេកទេសព្យាបាល ដោយមានស្តង់ដារនៃការអនុវត្តសេវាកម្មស្នូលទាំង ១០ចំណុច ត្រូវបានដាក់ចេញដើម្បីឱ្យបុគ្គលិកគ្រប់លំដាប់ថ្នាក់យកទៅអនុវត្ត រួមមាន៖ ការគោរព, ជំនាញក្នុងការស្តាប់, ការយល់ចិត្ត, ការទំនាក់ទំនង, ការគ្រប់គ្រងខ្លួនឯង, ភាពវិជ្ជមាន, ការដោះស្រាយបញ្ហា, មិនលាយឡំរឿងបុគ្គល, ការទទួលខុសត្រូវ និងភាពស្មោះត្រង់។

លោករដ្ឋមន្ត្រី ឈាង រ៉ា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកសុខាភិបាលទាំងអស់ នឹងយកចំណេះដឹង និងបទពិសោធន៍ទាំងនេះទៅអនុវត្តក្នុងកិច្ចការប្រចាំថ្ងៃ ដើម្បីលើកកម្ពស់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ «កងទ័ពអាវស» ឱ្យកាន់តែល្បីល្បាញ និងទទួលបានការជឿទុកចិត្តកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ