លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបលោកស្រី Zhong Jie អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ និងលោក Xue Dong ដែលជាអគ្គទីប្រឹក្សាថ្មី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបលោកស្រី Zhong Jie អគ្គទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ដើម្បីសម្តែងការគួរសម និងជម្រាបលា និងលោក XueDong ដែលទើបត្រូវបានតែងតាំងជាអគ្គទីប្រឹក្សាថ្មី ជំនួសលោកស្រី Zhong Jie។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកស្រី Zhong Jie ក្នុងការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅកម្ពុជាកន្លងមកនេះ ហើយក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Xue Dong ក្នុងឱកាសចូលកាន់តំណែងថ្មី និងបានបង្ហាញជំនឿជឿជាក់ថា លោកនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់សាជាថ្មី អំពីប្រវត្តិនៃទំនាក់ទំនង និងចំណងមិត្តភាពដ៏យូរលង់រវាងកម្ពុជានិងចិន ហើយត្រូវបានកសាង, ពង្រឹង, ពង្រីក និងថែបំប៉នជាបន្តបន្ទាប់អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈរនៅលើមូលដ្ឋាននៃទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដោយផ្តោតលើលទ្ធផលជាក់ស្តែងហើយត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ(ODA)។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ។
លោកស្រី Zhong Jie បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសពីសំណាក់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជា។
លោកស្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលកម្ពុជា និងចិនសម្រេចបានរួមគ្នាក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងជំនួយអភិវឌ្ឍន៍ ព្រមទាំងមានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ និងការបន្តខិតខំប្រឹងប្រែងពីគ្រប់ភាគី ក្នុងអាណត្តិការងារថ្មីរបស់លោក Xue Dong ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តឈានទៅកាន់កម្រិតកាន់តែខ្ពស់។
ក្នុងឱកាសនោះដែរ លោក Xue Dong បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមានកិត្តិយស ដែលត្រូវបានតែងតាំងជាអគ្គទីប្រឹក្សាថ្មី ឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានកោតសរសើរចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ធៀបនឹងអ្វីដែលលោកបានមើលឃើញដោយផ្ទាល់ភ្នែកកាលពីជាង២០ឆ្នាំមុន។
លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗរវាងប្រទេសទាំងពីរ ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។
មុននឹងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះលោកស្រី Zhong Jie ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា និងបានជូនពរ លោក Xue Dong ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារនៅកម្ពុជា៕