គណបក្សប្រជាជនកម្ពុជាបង្ហាញលទ្ធផលនៃការចូលរួមកិច្ចពិភាក្សាតុមូលស្តីពី តួនាទីគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍ ក្នុងការកសាងសហគមន៍អាស៊ាន និងការចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅវៀតណាម
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តវៀតណាម គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងការបរទេសនៃគណៈកម្មាធិការកណ្តាល បានចូលរួមកិច្ចប្រជុំតុមូលរៀបចំដោយវិទ្យាស្ថានការទូតវៀតណាម (DAV) ក្រោមប្រធានបទស្តីពី «តួនាទីគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍ក្នុងការកសាងសហគមន៍អាស៊ាន» នៅក្នុងឱកាសដែល សាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានលើកទី៣ ចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ដោយទទួលបានបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីលោក ឡេ ហាយជុង រដ្ឋមន្ត្រីការបរទេសវៀតណាម និងជាលេខាធិការគណៈកម្មាធិការបក្សក្រសួង ការបរទេស។
ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូល លោក សួស យ៉ារ៉ា បានលើកឡើងអំពីសារៈសំខាន់នៃតួនាទី គណបក្សនយោបាយ ក្នុងការតភ្ជាប់រវាងប្រជាជនទៅកាន់សភា និងរដ្ឋាភិបាល។ កិច្ចសន្ទនានៃគណបក្សនយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាយន្តការបំពេញបន្ថែមដល់យន្តការផ្លូវការអាស៊ាន ដើម្បីកសាង ទំនុកចិត្តនយោបាយ និងឯកភាពក្នុងដំណើរឆ្ពោះទៅការកសាងសហគមន៍អាស៊ានឆ្នាំ២០៤៥។ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល និងតំបន់ រួមមាន សេរីភាពនាវាចរណ៍ សន្តិសុខស្បៀងនិងថាមពល ការអភិវឌ្ឍ ដោយចីរភាព និងបញ្ហាប្រឈមឆ្លងដែន លោកបានគូសបញ្ជាក់អំពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ នយោបាយ និងទំនួលខុសត្រូវរួម ដែលតួនាទីគណបក្សនយោបាយអាចគាំទ្រការសន្ទនា ភាពអត់ធ្មត់ និងការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ។ ជាក់ស្តែង យន្តការគណបក្សនយោបាយ រួមមាន សន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងយន្តការកិច្ចប្រជុំកំពូលទ្វេភាគី និងត្រីភាគីរវាង គណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ គឺជាគំរូមួយនៃកិច្ចសន្ទនានយោបាយនៅក្នុងតំបន់។ កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះកិច្ចសន្ទនាការទូត ការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ និងចូលរួមថែរក្សាសន្តិភាព និងស្ថិរភាព ដើម្បីការអភិវឌ្ឍនិងវិបុលភាពរួមក្នុងតំបន់។
កិច្ចពិភាក្សាតុមូលនៃគណបក្សនយោបាយមកពីអាស៊ីអាគ្នេយ៍នេះ ត្រូវបានរៀបចំឡើងជាលើកទី១ នៅក្នុងវេទិកាអនាគតអាស៊ានលើកទី៣ ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន១១ មកពី ៨ប្រទេស រួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រឡេស្តេរ ថៃ និងវៀតណាម។ កិច្ចពិភាក្សាតុមូល បានពិភាក្សាលើប្រធានបទចំនួន៣ ដើម្បីសម្រេចចក្ខុវិស័យអាស៊ាន២០៤៥ ប្រកប ដោយភាពធន់ នវានុវត្តន៍ ថាមវន្ត និងប្រជាជនជាស្នូល រួមមាន ទី១. ការកសាងជំនឿទុកចិត្តក្នុង ចំណោមគណបក្សនយោបាយដើម្បីអាស៊ានរឹងមាំ និងមានភាពធន់ ២. បទពិសោធន៍ក្នុងអភិបាលកិច្ច និងការពង្រីកសហប្រតិបត្តិការ ក្នុងចំណោមគណបក្សនយោបាយនៅក្នុងដំណើការកសាងសហគមន៍ អាស៊ាន និង ៣. លើកកម្ពស់តួនាទីគណបក្សនយោបាយ ក្នុងការលើកកម្ពស់សហប្រតិបត្តិការអាស៊ាន និងសម្រេចនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
កិច្ចប្រជុំបានឯកភាពថា កិច្ចសន្ទនាគណបក្សនយោបាយគឺជាយន្តការការទូតផ្លូវក្រោយ (Track 2) ដើម្បីស្វែងរកដំណោះស្រាយនយោបាយសម្រាប់តំបន់អាស៊ាន បន្ថែមលើយន្តការកិច្ចសហប្រតិបត្តិការរដ្ឋអាស៊ាន (ASEAN) និងកិច្ចសហប្រតិបត្តិការសភាអាយប៉ា (AIPA) ហើយនឹងបន្តរៀបចំដោយវិទ្យាស្ថានវិជ្ជាជីវៈការទូតវៀតណាម (DAV) ជារៀងរាល់ឆ្នាំនៅក្នុងវេទិកាអនាគតអាស៊ាន។
គណៈប្រតិភូគណបក្សនយោបាយមកពីតំបន់អាស៊ីអាគ្នេយ៍ ក៏បានចូលរួមក្នុងពិធីបើកវេទិកាអនាគត អាស៊ានលើកទី៣ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីមកពីកម្ពុជា ឡាវ ទីម័រឡេស្តេ ថៃ និងវៀតណាម។ លោក គ្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជា សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក៏បានអនុញ្ញាតឱ្យគណៈប្រតិភូគណបក្សនយោបាយមកពីតំបន់អាស៊ីអេគ្នេយ៍ចូលជួបសម្តែងការគួរសម ដែលក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ លោក គ្រិន កឹមទូ មកកម្ពុជាជាលើកទី១ កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅ។
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូកម្ពុជាក៏បានចូលរួមអមក្នុងជំនួបសម្តែងការគួរសម រវាង លោក តូ ឡឺម អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម ដើម្បីរឹតចំណងមិត្តភាពនិងសហប្រតិបត្តិការរវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងពីរ៕