លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកទី១ ដើម្បីស្វែងរកដំណោះស្រាយរួម សំដៅជំរុញផលិតកម្មក្នុងស្រុក
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១”ក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)។
វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន សមាគមធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម (SMEs) និងភាគីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបង្កើតវេទិកាសន្ទនា និងការយល់ដឹងរួមរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន សម្រាប់ផ្សព្វផ្សាយបទប្បញ្ញត្តិនិងគោលនយោបាយ ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់ SMEs ព្រមទាំងស្វែងរកដំណោះស្រាយរួម សំដៅជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។
ក្នុងសុន្ទរកថាបើកវេទិកា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរួមរវាង អគរ និង FASMEC ក្នុងការរៀបចំវេទិកានេះឡើង ដោយចាត់ទុកថាជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន និងការជំរុញការអភិវឌ្ឍ SMEs នៅកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងចាត់ទុក SMEs ជាអាទិភាពដ៏សំខាន់មួយ ក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ហើយទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល ពង្រឹងឯករាជ្យភាពសេដ្ឋកិច្ច និងបង្កើនភាពរឹងមាំនៃមូលដ្ឋានផលិតកម្មជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវគោល-នយោបាយ និងវិធានការជាច្រើន ដើម្បីគាំទ្រ SMEs រួមមាន ការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការកែលម្អបរិយាកាស ធុរកិច្ច, ការសម្រួលពាណិជ្ជកម្ម, ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាននិងការធានាឥណទាន, ការលើកកម្ពស់សហគ្រិនភាព, ការចាប់យកបច្ចេកវិទ្យាឌីជីថល, ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ស្តង់ដារផលិតផល។
លោកអគ្គបណ្ឌិតសភាចារ្យក៏បានជម្រាបជូនអង្គវេទិកាអំពីការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ SMEs, ការរៀបចំយន្តការចុះបញ្ជី និងចាត់ថ្នាក់ SMEs តាមប្រព័ន្ធឌីជីថល CamDX ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល។ នាឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនសម្រាប់ អគរ, FASMEC, ក្រសួងស្ថាប័នពាក់ព័ន្ធ និង SMEs ដោយផ្តោតលើការបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម, ការអនុវត្តវិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន តាមរយៈយន្តការសន្ទនានិងការពិគ្រោះយោបល់ជាប្រចាំ, ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការគាំទ្រការកសាងសមត្ថភាពសម្រាប់ SMEs, ព្រមទាំងបានជំរុញឱ្យ SMEs ខិតខំពង្រឹងគុណភាពផលិតផល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសមត្ថភាពប្រកួតប្រជែង ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ។
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ អគរ បានគូសរំលេចថា អគរ បាននិងកំពុងអនុវត្តកម្មវិធីកែទម្រង់ និងទំនើបកម្មវិស័យគយជាបន្តបន្ទាប់ ដើម្បីសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម ធ្វើធុរកិច្ច និងចូលរួមពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន។ ឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាពនៃការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យគយ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ និងវិធានការលើកទឹកចិត្តផ្នែកគយសម្រាប់ SMEs ដែលរួមចំណែកកាត់បន្ថយពេលវេលាបំពេញបែបបទគយ និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈ។
លោកបណ្ឌិតក៏បានសម្តែងការជឿជាក់ថា កិច្ចសហការរវាង អគរ និង FASMEC នឹងក្លាយជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ក្នុងការរួមគ្នាលើកកម្ពស់បរិយាកាសធុរកិច្ច ការសម្រួលពាណិជ្ជ-កម្ម និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានលើកឡើងថា SMEs ជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃផលិតកម្មក្នុងស្រុក ប៉ុន្តែនៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ការទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យា និងការចូលទីផ្សារ ជាដើម។ ឧកញ៉ាក៏បានសម្តែងនូវការពេញចិត្តចំពោះការរៀបចំវេទិកានេះ និងសង្ឃឹមថា កិច្ចសហការរវាង អគរ និង FASMEC នឹងរួមចំណែកដោះស្រាយបញ្ហាប្រឈម និងបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោយផលសម្រាប់ SMEs។
នាពិធីបើកវេទិកានេះ អគរ និង FASMEC បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន និងបង្កើតយន្តការសន្ទនានិងផ្លាស់ប្តូរព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីគយ ការកសាងសមត្ថភាព និងការទាញយកអត្ថប្រយោជន៍ពីវិធានការលើកទឹកចិត្ត និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាល។
វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១ មានបទបង្ហាញបច្ចេកទេស កិច្ចពិភាក្សា និងវេទិកាសំណួរ-ចម្លើយ លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការចុះបញ្ជី, គោលនយោបាយគាំទ្រ SMEs, ការលើកទឹកចិត្តសារពើពន្ធនិងកិច្ចសម្រួលពាណិជ្ជកម្ម និងការជំរុញការនាំចូលនិងនាំចេញ ដែលជួយលើកកម្ពស់ការយល់ដឹង និងរួមចំណែកគាំទ្រការអភិវឌ្ឍ SMEs នៅកម្ពុជា៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី