ព័ត៌មានជាតិ

ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដបាត់ដំបង និងខេត្ដប៉ៃលិន

image

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដី ទី កម្ពុជា អញ្ជេីញបន្ដចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដ បាត់ដំបង និងប៉ៃលិន ដែលធ្វេីឡេីងនាខេត្ដបាត់ដំបង ។

នេះជាជំនួបទី១៥ហើយ ជារាជធានី-ខេត្ដទី១៨ បន្ទាប់ពីចាប់ផ្ដេីមដំបូងពីចេញខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និង កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្ដរមានជ័យ និងបន្ទាយមានជ័យ ដែលកម្មវិធីនាឱកាសនេះមានការអញ្ជេីញចូលរួមពី

មន្ដ្រីក្រុមប្រឹក្សាឃុំ-សង្កាត់ជុំវិញខេត្ដ ប្រមាណជាង១០០០នាក់ ដែលប្រព្រឹត្ដិឡេីង នាខេត្ដបាត់ដំបង។

ខេត្តបាត់ដំបង ស្ថិតនៅភូមិភាគពាយព្យនៃព្រះរាជាណាចកម្ពុជា ត្រូវបា ចែកចេញជា១៤ក្រុង ស្រុក មាន១០៣ឃុំ សង្កាត់ ស្មើនឹង ៨៤២ភូមិ ប្រជាជនសរុបមានចំនួន ៣០៤.៣៥៤គ្រួសារ។ ទំហំ សេដ្ឋកិច្ចថ្នាក់ជាតិឈរនៅលំដាប់លេខរៀងខ្ពស់ទី៣ បន្ទាប់ពីរាជធានី ភ្នំពេញ និងខេត្តកណ្តាល។

ខេត្តបាត់ដំបង មានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ, ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ ខេត្តប៉ៃលិន និងប្រទេសថៃមានប្រវែង១៤៤,៨គីឡូម៉ែត្រ (ជាប់ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ) មានបង្គោល សីមាចំនួន ១៣បង្គោល (គឺបង្គោលលេខ ៥២ដល់៦២ និង៦៩, ៧០) និងខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប និងមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ គឺច្រកអន្តរជាតិដូង ស្រុកកំរៀង និងច្រកអន្តរជាតិគីឡូ១៣(ភ្នំដី) ស្រុក សំពៅលូន និងទ្វារព្រំដែនតំបន់ចំនួន៣ គឺច្រកអូរអន្លក់ ស្រុកកំរៀង, ច្រកអូររំដួល ស្រុកភ្នំព្រឹក និងច្រក៤០០ ស្រុក សំឡូត។

ដោយឡែកខេត្ដប៉ៃលិនវិញ ជាខេត្តមួយដែលទទួលបានសន្តិភាពពេញលេញឆ្នាំ១៩៩៦។

ខេត្ដប៉ៃលិន ស្ថិតនៅភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយ៣៧៥ គ.ម ពីរាជធានីភ្នំពេញ មាន ព្រំប្រទល់ខាងកើត ខាងជើង និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងខាងលិចជាប់នឹងប្រទេសថៃ ដែលមានខ្សែបន្ទាត់ព្រំដែនប្រវែង ៥៣,២ គ.ម ចាប់ពីបង្គោលឡាក់លេខ៦២ - លេខ៦៨ និងមានផ្ទៃដីសរុ បចំនួន ១១៩៥,១៨ គ.ម២ ចែកចេញជា ក្រុង១ និងស្រុក១ មាន៨ ឃុំ-សង្កាត់ និង ៩៣ ភូមិ មានផ្លូវជាតិសដ្ឋកិច្ចចំនួន ២ខ្សែ គឺផ្លូវជាតិលេខ៥៧ និងលេខ៥៩ និងមានស្ទឹងចំនួន ៣ គឺស្ទឹងភ្នំ ដំបង ស្ទឹងប៉ៃលិន និងស្ទឹងកុយ។

ការចុះជួបសំណេះសំណាលនេះ ជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

តាមរយៈ ការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប៉ុន្មានខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ ផ្សេងៗ របស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។

គោលបំណងសំខាន់មួយទៀត គឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ 

តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បន្ដនៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ប៉ក់ សុឃីម