អាជ្ញាធរខេត្តស្ទឹងត្រែង ផាកពិន័យពីក្រុមគ្រួសារអនឡាញ បានជិត២ម៉ឺនដុល្លារ និងបានព្រមានចំពោះអ្នកពាក់ព័ន្ធ
ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងលោក សរ សុពុត្រា បានដឹងថា អាជ្ញារធរបានផាកពិន័យយកលុយចូលរដ្ឋចំនួន ១៩០០០ដុល្លារ លើជនសង្ស័យ ១៩នាក់ ពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ដែលបានរកឃើញនៅខេត្តស្ទឹងត្រែងកាលពីពេលកន្លងទៅ។ ការឱ្យដឹងដូចនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
លោក សរ សុពុត្រា ក៏បានព្រមានយ៉ាងម៉ឹងម៉ាត់ផងដែរថា ចាប់ពីពេលនេះទៅ មិនមានការលើកលែង ឬការអន្តរាគមន៍ណាមួយឡើយ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសច្បាប់។ ផ្ទះសំណាក់ សណ្ឋាគារ ឬផ្ទះស្នាក់ មួយណាដែលបណ្តោយឱ្យមានបទល្មើសអនឡាញកើតឡើងក្នុងទីតាំងរបស់ខ្លួន ហើយសមត្ថកិច្ចរកឃើញ នឹងត្រូវរងការផាកពិន័យដាច់ខាត ពុំលើកលែងឡើយ។ ចំពោះថវិកាផាកពិន័យជិត ២ម៉ឺនដុល្លារ ត្រូវបានបង់ចូលស្ថាប័នរដ្ឋត្រឹមត្រូវ មានវិក្កយបត្រថវិកាច្បាស់លាស់ ដោយមិនបានយកទៅរក្សាទុកនៅរដ្ឋបាលខេត្តនោះទេ។
ជាមួយគ្នានេះដែរ លោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក៏បានឲ្យដឹងផងដែតថា ក្រុមឧក្រិដ្ឋជនអនឡាញអាចរកលុយខុសច្បាប់បានរាប់លានដុល្លារក្នុងមួយថ្ងៃៗ ដែលនេះជាមហន្តរាយសន្តិសុខយ៉ាងធ្ងន់ធ្ងរ ទើបរាជរដ្ឋាភិបាលបង្កើតច្បាប់ថ្មីដែលមានទោសទណ្ឌ និងធ្វើការផាកពិន័យបែបនេះ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានដាក់ឱ្យអនុវត្តជាបន្ទាន់រួចហើយនៅលើទូទាំងប្រទេស៕
ដោយ៖ ម៉ាក មេត្តា