រដ្ឋមន្ត្រីទេសចរណ៍៖ ៦ខែដើមឆ្នាំ២០២៦ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ប្រមាណ ១លាន៥៤ម៉ឺននាក់ ក្នុងនោះមានទេសចរចិនប្រមាណ៤០ម៉ឺននាក់ ឈរក្នុងលំដាប់ទី១
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ថ្លែងក្នុងពិធីបើកកម្មវិធី «កិច្ចប្រជុំទូលាយ ប្រធានសមាគមនៃមហាសន្និបាត ធុរជនចិនទៀជីវពិភពលោក លើកទី១១» មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិ ប្រមាណ ៥,៥៧ លាននាក់ ក្នុងនោះ ភ្ញៀវ ទេសចរចិន មានចំនួនប្រមាណជាង ១,២០០,០០០ (មួយលានពីរសែននាក់) កើនឡើងជិត ៤២% ស្ថិត នៅក្នុងលំដាប់លេខ២ នៃភ្ញៀវទេសចរអន្តរជាតិមក កាន់ប្រទេសកម្ពុជា។ ដោយឡែក ក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០២៦ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ប្រមាណ ១ លាន ៥៤ម៉ឺននាក់, ក្នុងនោះមានទេសចរចិនប្រមាណ៤០ម៉ឺននាក់ ឈរក្នុងលំដាប់ទី១។
រដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់សារជាថ្មី និងធានាជូន វិនិយោគិន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ថា ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព មិត្តភាព ភាតរភាព ផ្តល់ភាពកក់ក្តៅ និងមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសភ្ញៀវទេសចរចិន។
ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានអំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះមិត្តចិនទាំងអស់ មិនថាជាភ្ញៀវទេសចរ ឬ អ្នកវិនិយោគឡើយ សូមអញ្ជើញមកកាន់កម្ពុជាដោយក្តីជឿជាក់ និងមានទំនុកចិត្ត។ សូមអញ្ជើញមកទទួល យកនូវបដិសណ្ឋារកិច្ចរាក់ទាក់ ស្មោះស្ម័គ្រ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។ កម្ពុជា មិនត្រឹមតែជាគោលដៅដ៏ទាក់ទាញប៉ុណ្ណោះទេ តែគឺជាទីកន្លែងដែលធានាថារាល់ការស្នាក់នៅ ការកម្សាន្ត និងការធ្វើធុរកិច្ច នឹងប្រព្រឹត្តទៅដោយរលូន ទទួលបាន នូវអារម្មណ៍សុវត្ថិភាព និងកក់ក្តៅ ប្រៀបដូចជាការ ត្រឡប់មកកាន់ផ្ទះកំណើតរបស់ខ្លួន។
សូមជម្រាបថា «កិច្ចប្រជុំទូលាយ ប្រធានសមាគមនៃមហាសន្និបាត ធុរជនចិនទៀជីវពិភពលោក លើកទី១១» នេះ ប្រព្រឹត្តទៅក្នុងគោលបំណង ពិនិត្យលើវឌ្ឍនភាព ការងារសំខាន់ៗ នៃការរៀបចំមហាសន្និបាតធុរជនចិន ទៀជីវពិភពលោក លើកទី១១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ នាពេលខាងមុខ ហើយក៏ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ ដែលមហាសន្និបាតនេះ នឹងត្រូវរៀបចំឡើងនៅក្រៅប្រទេស ដែលអាចផ្តល់ឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពទាក់ទាញរបស់ប្រទេសកម្ពុជា នៅលើឆាក អន្តរជាតិ។
ព្រឹត្តិការណ៍ «មហាសន្និបាតធុរជនចិនទៀជីវ ពិភពលោក លើកទី១១» ដែលនឹងត្រូវរៀបចំនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ គឺជាការបោះជំហាន និងការបើកទំព័រប្រវត្តិសាស្ត្រ ថ្មីមួយទៀត សម្រាប់ទំនាក់ទំនងស៊ីជ្រៅ និង ជិតស្និទ្ធ រវាងកម្ពុជា-ចិន ក៏ដូចជាចូលរួមអនុវត្តយុទ្ធនាការ «ឆ្នាំ ទេសចរណ៍កម្ពុជា-ចិន» ដែលនឹងក្លាយជាចលករ យ៉ាងសំខាន់បន្ថែមទៀត ក្នុងការតភ្ជាប់វិស័យទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និង ទំនាក់ទំនង រវាងប្រជាជន នៃប្រជាជាតិទាំងពីរ ដែលជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាន នូវការកសាងសហគមន៍ ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិន៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី