ព័ត៌មានអន្តរជាតិ

ចិន ចេញមុខអំពាវនាវជាថ្មីឱ្យគ្រប់ភាគីរក្សាភាពអត់ធ្មត់ ខណៈវិបត្តិរវាងអាម៉េរិក និងអ៊ីរ៉ង់ នៅតែបន្តអូសបន្លាយ

image

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន កាលពីថ្ងៃព្រហស្បតិ៍ បានចេញមុខសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ រក្សាភាពអត់ធ្មត់ និងបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ នៅក្នុងវិបត្តិរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដោយចិនបានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាឫសគល់បានឡើយ មានតែធ្វើឱ្យស្ថានការណ៍កាន់តែដុនដាប ។

 

ប្រតិកម្មការទូតរបស់ចិននាពេលនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានបើកការវាយប្រហាររលកថ្មីមួយទៀតទៅលើទីតាំងការពារដែនអាកាស និងប្រព័ន្ធទំនាក់ទំនងរបស់អ៊ីរ៉ង់ កាលពីយប់ថ្ងៃពុធ ដើម្បីជាការសងសឹក បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាប្រភេទ អាផាឈី (Apache) មួយគ្រឿងរបស់អាម៉េរិក បានធ្លាក់នៅជិតឆ្នេរនៃប្រទេសអូម៉ង់ ក្រោយការវាយប្រហារពីអ៊ីរ៉ង់ ។

 

ទន្ទឹមនឹងនោះ ភាគីចិនក៏បានទាត់ចោលទាំងស្រុងនូវការចោទប្រកាន់របស់ក្រសួងយុត្តិធម៌អាម៉េរិក និង FBI ដែលថាចិនបានប្រើប្រាស់គេហទំព័រការងារ និងក្រុមហ៊ុនប្រឹក្សាយោបល់ក្លែងក្លាយ ដើម្បីធ្វើចារកម្មបោកប្រាស់មន្ត្រីអាម៉េរិក ដោយចិនបានវាយបកវិញថា សហរដ្ឋអាម៉េរិកខ្លួនឯងទេដែលជាអ្នកដើរធ្វើចារកម្មនៅទូទាំងពិភពលោក ។

 

ក្រៅពីរឿងជម្លោះមហាអំណាច ក្នុងសន្និសីទនោះ អ្នកនាំពាក្យចិនក៏បានលើកឡើងពីបញ្ហាតំបន់មួយចំនួនទៀត រួមមានការតាមដានរឿងក្តីដែលតុលាការថៃកាត់ទោសប្រហារជីវិតបុរសជនជាតិអ៊ុយហ្គ័រ (Uyghur) ពីរនាក់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅបាងកកកាលពីឆ្នាំ២០១៥ និងផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតប្រធានគណបក្សកាន់អំណាចជប៉ុន លោក យ៉ូហី កូណូ (Yohei Kono) ផងដែរ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.