ព័ត៌មានជាតិ

ឥណ្ឌូណេស៊ី កំពុងប្រឈមមុខនឹងវិបត្តិតម្លៃសណ្តែកសៀង ក្រោយការឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក

image

ឥណ្ឌូណេស៊ី៖ ការហក់ឡើងថ្លៃយ៉ាងគំហុកនៃតម្លៃសណ្តែកសៀងនៅលើទីផ្សារ កំពុងតែជះឥទ្ធិពលអាក្រក់ដល់ម្ចាស់សិប្បកម្មផលិតតៅហ៊ូ (Tofu) និងសណ្តែកសៀងផ្អាប់ ឬតេមប៉េ (Tempeh) នៅទូទាំងប្រទេសឥណ្ឌូណេស៊ី។ វិបត្តិសេដ្ឋកិច្ចមួយនេះ បានបង្ខំឱ្យម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន ត្រូវកាត់បន្ថយទំហំផលិតផល, បន្ថយបរិមាណផលិតក្នុងមួយថ្ងៃៗ និងកាត់បន្ថយទំហំប្រតិបត្តិការរបស់ខ្លួនទាំងបង្ខំ ដើម្បីទប់ទល់នឹងថ្លៃដើមដែលកំពុងតែកើនឡើង។

 

មូលហេតុចម្បងដែលនាំឱ្យកើតមានវិបត្តិនេះ គឺដោយសារតែវិស័យចំណីអាហាររបស់ប្រទេសឥណ្ឌូណេស៊ី ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលសណ្តែកសៀងពីបរទេស ដើម្បីយកមកផ្គត់ផ្គង់សិប្បកម្មក្នុងស្រុក។ កត្តានេះ បានធ្វើឱ្យក្រុមអ្នកផលិតត្រូវរងគ្រោះដោយផ្ទាល់ នៅពេលដែលប្រាក់ដុល្លារអាម៉េរិកហក់ឡើងថ្លៃខ្លាំងធៀបនឹងប្រាក់រូពៀ (Rupiah) របស់ឥណ្ឌូណេស៊ី ។

 

ផ្អែកតាមការរៀបរាប់របស់ លោក ណាស៊ីរីន (Nasirin) ដែលជាម្ចាស់សិប្បកម្មផលិតតៅហ៊ូ បានទម្លាយឱ្យដឹងថា តម្លៃសណ្តែកសៀងបានហក់ឡើងថ្លៃជិត ៣០ភាគរយទៅហើយ ដោយកាលពីអំឡុងខែរ៉ម៉ាដន តម្លៃមានត្រឹមតែ ៨,៥០០ រូពៀ (ប្រហែល ០.៤៧ ដុល្លារ) ក្នុងមួយគីឡូក្រាម ប៉ុន្តែបច្ចុប្បន្នបានហក់ឡើងរហូតដល់ ១១,២០០ រូពៀ (ប្រហែល ០.៦២ ដុល្លារ) ដែលធ្វើឱ្យលោកជួបភាពទាល់ច្រក ព្រោះបើកាត់បន្ថយទំហំតៅហ៊ូឱ្យតិចជាងមុនអតិថិជននឹងរអ៊ូរទាំ ប៉ុន្តែបើរក្សាទំហំដដែលគឺត្រូវខាតដើម ។

 

ដើម្បីឆ្លើយតបនឹងការលំបាក និងជួយសម្រាលបន្ទុករបស់ប្រជាជន រដ្ឋាភិបាលឥណ្ឌូណេស៊ី តាមរយៈក្រសួងពាណិជ្ជកម្ម និងស្បៀងអាហារ បានចេញវិធានការបន្ទាន់ ដោយសម្រេចទម្លាក់កញ្ចប់ថវិកាឧបត្ថម្ភធនចំនួន ២,០០០ រូពៀ ក្នុងមួយគីឡូក្រាម តាមរយៈទីភ្នាក់ងារភស្តុភាររដ្ឋ ប៊ូឡុក (Bulog) ព្រមទាំងបានកំណត់តម្លៃខ្ពស់បំផុតត្រឹម ១១,៥០០ រូពៀ ក្នុងមួយគីឡូក្រាម និងចេញមុខព្រមានក្រុមហ៊ុននាំចូលមិនឱ្យលួចបំប៉ោងតម្លៃឡើយ ។

 

ទោះជាយ៉ាងណាក៏ដោយ ក្រុមអាជីវករក្នុងស្រុកបានលើកឡើងថា វិធានការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលនៅមិនទាន់គ្រប់គ្រាន់ឡើយ ហើយសម្ពាធសេដ្ឋកិច្ចដ៏រ៉ាំរ៉ៃលើអាជីវកម្មខ្នាតតូចបែបនេះ អាចនឹងបង្ខំឱ្យរោងចក្រ/សិប្បកម្មជាច្រើនត្រូវបិទទ្វារ ដែលជាហេតុធ្វើឱ្យកម្មកររាប់សិបនាក់ត្រូវបាត់បង់ការងារធ្វើភ្លាមៗ ព្រមទាំងអាចបង្កើតជាបញ្ហាចោទ និងផលវិបាកក្នុងសង្គមកាន់តែធំជាងមុនថែមទៀតផង បើសិនរដ្ឋាភិបាលមើលរំលង ។

 

គេបារម្ភថា វិបត្តិនៃតម្លៃសណ្តែកសៀង អាចនឹងក្លាយទៅជាភាពអសន្តិសុខសង្គមដ៏អាក្រក់ ដូចកាលពីវិបត្តិសេដ្ឋកិច្ចខែឧសភា ឆ្នាំ១៩៩៨ ដែលកាលនោះ បញ្ហានៃការដួលរលំសេដ្ឋកិច្ច និងអតិផរណាទំនិញឡើងថ្លៃហួសប្រមាណ បានបង្កជាបាតុកម្មហិង្សាពាសពេញប្រទេស រហូតឈានទៅដល់ការដួលរលំនៃរបបដឹកនាំរបស់អតីតប្រធានាធិបតី ស៊ូហាតូ (Suharto) ៕

 

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.