ព័ត៌មានអន្តរជាតិ

ក្រុមអាជីវករ និងអ្នកដឹកជញ្ជូននៅប៉ាគីស្ថាន ទាមទារឱ្យមានការរឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានការវាយប្រហារលើឡានដឹកទំនិញជាបន្តបន្ទាប់

image

ប៉ាគីស្ថាន៖ ចលនាតវ៉ាទ្រង់ទ្រាយធំមួយកាលពីថ្ងៃព្រហស្បតិ៍ បានផ្ទុះឡើងនៅខេត្តបាឡូជីស្ថាន (Balochistan) ប្រទេសប៉ាគីស្ថាន ដោយក្រុមអាជីវករ និងកម្មករដឹកជញ្ជូនបាននាំគ្នាធ្វើការបិទផ្លូវជាតិ និងបិទហាងទំនិញទាំងស្រុង ដើម្បីតវ៉ាប្រឆាំងនឹងភាពអសន្តិសុខ ដោយទាមទារឱ្យមានការការពារសន្តិសុខឱ្យបានល្អជាងមុន ក្រោយពីមានករណីនៃការវាយប្រហារជាបន្តបន្ទាប់លើឡានដឹកទំនិញ ។

 

តំណាងសមាគមដឹកជញ្ជូន បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះប្រព័ន្ធការពារសន្តិសុខតាមដងផ្លូវដ៏ធូររលុង ខណៈដែលរដ្ឋាភិបាលផ្តល់ប្រាក់សំណងប៉ះប៉ូវការខូចខាតក្នុងចំនួនតិចតួចពេក ពោលគឺមិនអាចទូទាត់សមាមាត្រនឹងតម្លៃឡានដឹកទំនិញដ៏ថ្លៃៗនោះឡើយ ។

 

យុទ្ធនាការបិទផ្លូវជាតិសំខាន់ៗ និងបិទអាជីវកម្ម ផ្សារទំនើប ព្រមទាំងហាងលក់ដូរនានានាពេលនេះ បានធ្វើឱ្យសកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើរនៅក្នុងទីក្រុងធំៗទាំងអស់នៅទូទាំងខេត្ត ត្រូវធ្លាក់ក្នុងសភាពគាំងស្ទះទាំងស្រុងតែម្ដង ។

 

សភាពាណិជ្ជកម្មប្រចាំតំបន់ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ខែកន្លងមកនេះ ក្រុមឡានដឹកទំនិញ ឡានដឹកប្រេង និងឡានដឹកឧស្ម័ន បានក្លាយជាគោលដៅនៃការវាយប្រហារយ៉ាងសាហាវ ដែលបង្កជាក្តីព្រួយបារម្ភ និងនាំឱ្យមានការលំបាកខ្លាំងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថែមទៀតផង ។

 

វិបត្តិសន្តិសុខនេះ បានជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ដល់សេដ្ឋកិច្ចជាតិ ព្រោះវាបានធ្វើឱ្យការដឹកជញ្ជូនធនធានរ៉ែសំខាន់ៗ ដូចជា ធ្យូងថ្ម និងរ៉ែក្រូមីត (Chromite) សម្រាប់បម្រើឱ្យវិស័យឧស្សាហកម្ម ត្រូវខកខាន និងមិនអាចដឹកចេញទៅផ្គត់ផ្គង់តាមតម្រូវការទីផ្សារបាន ។

 

ជារួម ព្រឹត្តិការណ៍នេះកើតឡើងក្រោយពេលក្រុមសកម្មប្រយុទ្ធខុសច្បាប់ កងទ័ពរំដោះបាឡូជីស្ថាន ឬ BLA បានដុតបំផ្លាញឡានអស់ប្រហែល ៣៥គ្រឿងក្នុងរយៈពេល ២ខែចុងក្រោយ ដែលបង្ខំឱ្យរដ្ឋាភិបាលត្រូវចេញមុខសន្យាបង្កើនការបង្រ្កាបភេរវកម្ម និងជួបចរចាជាមួយអាជីវករ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.