ព័ត៌មានអន្តរជាតិ

ឥណ្ឌា ថ្កោលទោសការវាយប្រហាររបស់កងទ័ពជើងទឹកអាម៉េរិក នៅក្នុងឈូងសមុទ្រអូម៉ង់ ដែលបណ្ដាលឱ្យនាវិកឥណ្ឌា ៣រូបបាត់បង់ជីវិត

image

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោក រ៉ានឌៀ ចៃស្វាល (Randhir Jaiswal) កាលពីថ្ងៃព្រហស្បតិ៍ បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់កងទ័ពជើងទឹកអាម៉េរិក ទៅលើនាវាដឹកប្រេងដែលមានដោតទង់ជាតិបរទេសនៅក្នុងឈូងសមុទ្រអូម៉ង់ ដោយបានបណ្តាលឱ្យនាវិកជនជាតិឥណ្ឌា ៣រូបបាត់បង់ជីវិត ។

 

ដើម្បីឆ្លើយតបទៅនឹងវិបត្តិការទូតដ៏ក្តៅគគុកនេះ ទីក្រុងញូដេល្លី បានកោះហៅតំណាងស្ថានទូតអាម៉េរិក លោក ជេសិន មីកស៍ (Jason Meeks) មកជួបជាផ្លូវការដើម្បីដាក់លិខិតតវ៉ា និងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយចាត់ទុកថាការវាយប្រហារទាំងនេះ គឺជាផលវិបាកផ្ទាល់នៃជម្លោះក្នុងតំបន់ ។

 

ភាគីឥណ្ឌាបានសង្កត់ធ្ងន់ថា សកម្មភាពយោធារបស់អាម៉េរិកទៅលើនាវាពាណិជ្ជកម្ម ត្រូវតែបញ្ឈប់ជាបន្ទាន់ ដោយបានអំពាវនាវឱ្យប្រើប្រាស់នូវផ្លូវចរចា និងការទូត ដើម្បីដោះស្រាយជម្លោះ ព្រមទាំងទាមទារឱ្យមានការបើកចំហផ្លូវនាវាចរណ៍នៅច្រកសមុទ្រហ័រមូសដោយសេរីនិងស្របតាមច្បាប់អន្តរជាតិ ។

 

យោងតាមរបាយការណ៍ អាម៉េរិកបានបើកការវាយប្រហារលើនាវាដឹកប្រេងជាបន្តបន្ទាប់ចំនួន ៣គ្រឿង រួមមាននាវា អិមធី សេតតេបេឡូ (MT Settebello), នាវា អិមធី ម៉ារីវេច (MT Marivex) និងចុងក្រោយគឺនាវា អិមធី ចាល់វៀរ (MT Jalveer) ដែលមានផ្ទុកនាវិកឥណ្ឌាជាច្រើននាក់ ប៉ុន្តែត្រូវបានអាជ្ញាធរអូម៉ង់ជួយសង្គ្រោះទាន់ពេល ។

 

ដោយឡែក បញ្ជាការដ្ឋានមជ្ឈិមអាម៉េរិក (CENTCOM) បាននិយាយការពារចំណាត់ការយោធារបស់ខ្លួន ដោយចោទប្រកាន់ថានាវាទាំងនោះជា «ក្រុមនាវាលួចលាក់» ដែលផ្គើននឹងការបញ្ជា និងបំពានលើច្បាប់បិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ដែលអាម៉េរិកបានអនុវត្តតាំងពីថ្ងៃទី១៣ ខែឧសភា មកម្ល៉េះ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.