កម្ពុជា-អ៊ូសបេគីស្ថាន ចាប់ដៃគ្នាដឹកនាំកិច្ចប្រជុំកំពូលនៅស្វីស ស្វែងរក «ការងារសមរម្យ និងកិច្ចគាំពារសង្គម» ក្នុងយុគសម័យសកលលោកប្រែប្រួល
ទីក្រុងហ្សឺណែវ៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីស្តីពី«កាតាលីករសកល (Global Accelerator) សម្រាប់ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។
កិច្ចប្រជុំកំពូលនេះ ត្រូវបានសហការរៀបចំឡើងដោយ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៊ូសបេគីស្ថាន នៅក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នាប្រទេសស្វីស។
កិច្ចពិភាក្សាក្នុងជំនួបនេះឆ្លុះបញ្ចាំងពីការយល់ឃើញរួមថា អនាគតនៃការងារ កិច្ចគាំពារសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព មិនអាចដោះស្រាយបានទៀតទេតាមរយៈវិធីសាស្ត្រដាច់ដោយឡែកតាមវិស័យនីមួយៗ។
លោករដ្ឋមន្រ្តី បានចាត់ទុក កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌នេះ ថា ជាកម្លាំងចលករដ៏ចាំបាច់ក្នុងការជំរុញទៅរកមហិច្ឆតាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងបរិបទវិបត្តិសកល ខណៈដែលបញ្ហាប្រឈមគឺត្រូវឆ្លើយតបដោយគោលន យោបាយសមាហរណកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងការបន្តពង្រឹងសាមគ្គីភាពសកលឡើងវិញ។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា សហគមន៍អន្តរជាតិកំពុងឆ្លងកាត់ដំណាក់កាលនៃការប្រែប្រួល និងភាពមិនប្រាកដប្រជា។ ផលប៉ះពាល់សេដ្ឋកិច្ច និងជំងឺរាតត្បាត ភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ការរំខានពីបច្ចេកវិទ្យា ការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាសាស្ត្រ ការកើនឡើងនៃវិសមភាព និងការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាសេដ្ឋកិច្ច កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើទីផ្សារការងារ និងប្រព័ន្ធគាំពារសង្គម ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងបរិបទនេះ កាតាលីករសកល មិនត្រឹមតែជាគំនិតផ្តួចផ្តើមដែលកើតឡើងទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិវត្តដ៏សំខាន់មួយនៃការគិតគូរផ្នែកអភិវឌ្ឍន៍ផងដែរ ដែលទទួលស្គាល់ថា ការវិនិយោគលើការងារសមរម្យ កិច្ចគាំពារសង្គម និងធន ធានមនុស្ស គឺជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ភាពធន់ ផលិតភាព សាមគ្គីភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
សម្រាប់កម្ពុជា អាទិភាពទាំងនេះគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជា ដែលនៅចំណុចកណ្តាលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិកម្ពុជាបានប្តេជ្ញាចិត្តដ៏រឹងមាំលើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រីកកិច្ចគាំពារសង្គម និងកំណើនប្រកបដោយបរិយាបន្ន។
កម្ពុជាជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើជំនាញ សមត្ថភាពទទួលបានការងារ និងកិច្ចគាំពារសង្គម គឺជាកត្តាចាំបាច់សម្រាប់ការពង្រឹងសមត្ថភាពប្រកួតប្រជែងជាតិ និងភាពធន់សេដ្ឋកិច្ចសង្គមរយៈពេលវែង។
កម្ពុជា បានអនុម័តជាផ្លូវការនូវផែនទីបង្ហាញផ្លូវ (Roadmap) ក្រោមក្របខ័ណ្ឌ កាតាលីករសកល ឆ្នាំ២០២៥-២០២៨ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងកម្រិតខ្ពស់បំផុតនៃរាជរដ្ឋាភិបាលក្នុងការជំរុញការបង្កើតការងារសមរម្យ និងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន។ ផែនទីបង្ហាញផ្លូវនេះ ប្រកាន់យកវិធីសាស្ត្រចូលរួមទាំងរដ្ឋាភិបាល និងសង្គមទាំងមូល ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហជីព និយោជក ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការសង្គមស៊ីវិល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ។
លើសពីនេះ ផែនទីបង្ហាញផ្លូវនេះ ក៏ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង ការព្យាករ ទីផ្សារការងារ ភាពស៊ីចង្វាក់គ្នានៃគោលនយោបាយ និងយន្តការហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារនាពេលអនាគត។
លោក ហេង សួរ បានលើកទឹកចិត្តដល់ដៃគូទាំងអស់សូមឱ្យបន្តពង្រឹងការគាំទ្រដល់ប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមនេះដើម្បីប្រមូលផ្តុំការវិនិយោគជំរុញការផ្លាស់ប្តូរ លើកកម្ពស់ការចែករំលែកចំណេះដឹង និងនវានុវត្តន៍ និងពង្រឹងស្មារតីសាមគ្គីភាពដែលជាមូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។ កម្ពុជានៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ដើម្បីជំរុញអនាគតការងារប្រកបដោយបរិយាបន្ន ភាពធន់ ចីរភាព និងផ្តោតលើមូលធនមនុស្សជាស្នូលកាន់តែខ្លាំងឡើង។
ទន្ទឹមនឹងនេះ ភាគីអ៊ូសបេគីស្ថាន និង ILO បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ និងសហប្រធាននៃកិច្ចប្រជុំនេះ។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការចូលរួមរបស់កម្ពុជា ក្នុងការប្រែក្លាយ កាតាលីករសកល ពីគំនិតផ្តួចផ្តើមសកល ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ការងារសមរម្យ ការគាំពារសង្គម និងអន្តរកាលយុត្តិធម៌៕