រដ្ឋសភា នឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ខែមិថុនា
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័ត កោះប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែមិថុនាខាងមុខ ដើម្បីពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ខាងលើនេះ ចប់សព្វគ្រប់តាមនីតិវិធីមក ហើយនោះ។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈបកម្មការ និងដោយមានការចូលរួមពីអន្តរគណៈកម្មការជំនាញរដ្ឋសភាផង បានជួបប្រជុំពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ។
តាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នឹងបង្កើតឱ្យមានរបត់ថ្មីមួយក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជាតិ តាមរយៈការកំណត់បទដ្ឋានបច្ចេកទេស ទំហំយាន យន្តឱ្យបានច្បាស់លាស់ និងការដាក់ចេញនូវវិធានការរឹតបន្តឹង ត្រួតពិនិត្យ ព្រមទាំងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ដែលបានបំផ្លាញផ្លូវថ្នល់ និងជួយសម្រួលដល់អ្នកប្រើប្រាស់ផ្លូវឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវចីរភាព និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារក្នុងការជួសជុលប្រចាំឆ្នាំ។
ក្នុងការពិនិត្យសិក្សានោះ គណៈកម្មការជំនាញរដ្ឋសភា និងរាជរដ្ឋាភិបាល បានឯកភាពគ្នាទាំងខ្លឹមសារ និងទម្រង់សេចក្តី ព្រាងច្បាប់ ទើបដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យ អនុម័តបញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅថ្ងៃទី២២ ខែមិថុនា ៕
អត្ថបទ៖ វង សុភ័ក្ត្រ