អាជ្ញាធរខេត្តស្ទឹងត្រែង ជំរុញការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសម្រេចជោគជ័យតាមផែនការ
ស្ទឹងត្រែង៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ អាជ្ញាធរខេត្តស្ទឹងត្រែងបានជំរុញការផ្សព្វផ្សាយដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ និងស្រុកនានា ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាឱ្យយុទ្ធនាការនេះសម្រេចបានជោគជ័យតាមផែនការក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការលើកឡើងរបស់លោក ព្រំ វណ្ណៈ អភិបាលរងខេត្តស្ទឹងត្រែង ក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង។
លោក ព្រំ វណ្ណៈ បានបញ្ជាក់ថា ដើម្បីធានាឱ្យការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រព្រឹត្តទៅដោយប្រសិទ្ធភាព និងត្រឹមត្រូវ អាជ្ញាធរខេត្តបានចុះផ្សព្វផ្សាយដោយផ្ទាល់នៅតាមភូមិ ឃុំ សង្កាត់ អំពីយុទ្ធនាការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ជាលទ្ធផល រដ្ឋបាលខេត្តបានចុះបញ្ជីសហគ្រាសតាមប្រព័ន្ធ LACMS បានចំនួន ៤៥សហគ្រាសរួចរាល់ ខណៈសហគ្រាសចំនួន ១០១ ផ្សេងទៀត មិនទាន់បានចុះឈ្មោះក្នុងប្រព័ន្ធនេះនៅឡើយ។
ជាមួយគ្នានេះ លោក ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តស្ទឹងត្រែង ដែលបានខិតខំផ្សព្វផ្សាយកម្មវិធីចុះឈ្មោះតាមថ្នាលឌីជីថលជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។
លោកក៏បានលើកទឹកចិត្ត និងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យព័ត៌មានអំពីការចុះឈ្មោះនេះបានទៅដល់ប្រជាពលរដ្ឋ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែទូលំទូលាយ៕
អត្ថបទ៖ ម៉ាក មេត្តា