ព័ត៌មានជាតិ

៦៤ឆ្នាំហេីយដែលប្រទេសថៃ បានចាញ់រឿងក្តីប្រសាទព្រះវិហារ នៅតុលាការ ICJ

image

ភ្នំពេញ៖ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ។ 

ប្រាសាទព្រះវិហារ ដែលសាងសង់ឡេីងដោយបុព្វបុរសខ្មែរ ដែលថៃចិញ្ចឹមចិត្តដណ្តេីមយកពីមួយជំនាន់ទៅមួយជំនាន់ តែមិនបាសម្រេច រហូតដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ជម្លោះប្រវត្តិសាស្ត្ររវាងប្រទេសកម្ពុជា និងថៃ បានឈានដល់ការសម្រេចសេចក្តីដោយ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយកម្ពុជាទទួលបានជ័យជម្នះជាស្ថាពរ។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ជាខួប៦៤ឆ្នាំ នៃសាលក្រម តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចសេចក្តីឱ្យប្រទេសកម្ពុជា ឈ្នះក្ដីលើប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយទទួលស្គាល់ថា ប្រាសាទព្រះវិហារ និងតំបន់ជំវិញ ស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជា។

រឿងក្តីពាក់ព័ន្ធប្រសាទព្រះវិហារ បានកើតឡើងដោយសារភាពមិនច្បាស់លាស់នៃខ្សែបន្ទាត់ព្រំដែននៅលើ ជួរភ្នំដងរែក ដែលគូសដោយគណៈកម្មការបារាំង-សៀម ដោយសារតែថៃបានអះអាងថា ប្រាសាទស្ថិតនៅក្នុងទឹកដីរបស់ខ្លួន។ ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារ នៅឆ្នាំ១៩៥៤។ កាលនោះ ព្រះករុណាព្រះមហាវីរក្សក្សត្រ ព្រះបរមរតនកោដ្ឋ (នរោត្ដម សីហនុ) បានប្តឹងទៅតុលាការយុត្តិធម៌អន្តជាតិ ទីក្រុងឡាអេ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩។ សាលក្រមតុលាការអន្តរជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានកាត់សេចក្តីដោយសម្រេចប្រគល់ប្រាសាទព្រះវិហារ មកឱ្យកម្ពុជាវិញ ក្រោយពីថៃបានឈ្លានពានកាន់កាប់ប្រាសាទព្រះវិហារ។ តុលាការយុត្តិធម៌អន្តជាតិ ICJ បានចេញសាលដីការនេះ ដោយបានសម្រេចសេចក្តីថា៖

១. ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា។

២. ថៃត្រូវតែដកកងទ័ព ប៉ូលីស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា។

៣. ថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ។

ក្រោយពីសាលក្រមប៉ុន្មានថ្ងៃ ថៃក៏បានធ្វើរបងលួសបន្លា ដោយឯកតោភាគីដែលកំណត់ដោយគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦២ ជាខ្សែព្រំដែន។

នៅឆ្នាំ២០០១ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើសំណើជាផ្លូវការ ដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក។ ពេលនោះថៃទាមទារឱ្យមានការចុះបញ្ជីរួមគ្នា តែកម្ពុជាជំទាស់ ដោយសារប្រាសាទព្រះវិហារជារបស់កម្ពុជា ស្ថិតនៅក្នុងទឹកដីកម្ពុជា។

ក្រោយកម្ពុជាបានចំណាយពេលជាង ៧ឆ្នាំ ពោលគឺ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការយូណេស្កូ បានសម្រេចធ្វើពិធីផ្លូវការ ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក។ ពេលនោះថៃមានការខឹងយ៉ាងខ្លាំង ក្រោយការទាមទាររបស់ខ្លួនមិនបានសម្រេច។ បន្ទាប់ពីការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក កងទ័ពថៃក្រោមការដឹកនាំរបស់រដ្ឋាភិបាល អភីសុីត នៃគណៈបក្សប្រជាធិបតេយ្យថៃ បានឈ្លានពានតំបន់ប្រាសាទព្រះវិហារជាបន្តបន្ទាប់ចំនួន ៤លើក (លើកទី១ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨, លើកទី២ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០០៩, លើកទី៣ ថ្ងៃទី៤ ដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១១ និងលើកទី៤ ថៃបានធ្វើការវាយប្រហារនៅតាមបណ្តោយព្រំដែនក្នុងតំបន់ផ្សេងៗទៀត នៅថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១១)។ ពេលនោះ កម្ពុជាសម្រេចប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ(ICJ) ឱ្យបកស្រាយសាលដីកាក្រុងឡាអេ ឆ្នាំ១៩៦២ ឡើងវិញ។

នៅថ្ងៃទី១១ ខែខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញ ដោយបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ ប៉ុន្តែសេចក្ដីសម្រេចលើកទី២នេះ នៅតែមិនអាចចាប់បង្ខំឱ្យថៃអនុវត្តតាមបានដដែល ។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ បានវិវត្តក្លាយជាជម្លោះប្រដាប់អាវុធជាថ្មីនៅតាមខ្សែបន្ទាត់ ព្រំដែន កម្ពុជា-ថៃ។ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃ ដែលបានឈ្លានពានកម្ពុជា បានបាញ់កាំភ្លើងធុនធ្ងន់ សំដៅមកលើប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដាច់ខាត បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងច្រើនកន្លែង។ ត្រង់ចំណុចនេះ ដែលនាំឱ្យមានការថ្កោលទោសចំពោះការបំផ្លិចបំផ្លាញដោយយោធាថៃ មកលេីបេតិកភណ្ឌពិភពលោក៕