ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា ដង្ហើម នៃវឌ្ឍនភាពសង្គមសេដ្ឋកិច្ចជាតិ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផានណាត

-------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា ដង្ហើម នៃវឌ្ឍនភាពសង្គមសេដ្ឋកិច្ចជាតិ» ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET (ធីវេត) ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល" នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។

សម្តេចធិបតី បានបញ្ជាក់ថា "ការកែច្នៃប្រជាជនកម្ពុជាឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដ គឺស្មើ នឹងការកែច្នៃគ្រាប់ពេជ្រឱ្យភ្លឺត្រចះ និង មានតម្លៃឥតគណនា ចំពោះអត្ថិភាពនៃសង្គមស៊ីវិល័យ នៅកម្ពុជា ។ សង្គមមួយដែលចាត់ទុកថាជាសង្គមស៊ីវិល័យ មិនសំដៅតែទៅលើទ្រព្យសម្បត្តិ ឬ សម្ភារៈទំនើបនោះទេ ប៉ុន្តែសំដៅទៅលើការរស់នៅរបស់ប្រជាជន ប្រកបដោយ សេចក្តីថ្លៃថ្នូរ គុណធម៌ សីលធម៌ ព្រមទាំងមានការគោរព ការយោគយល់ និង ការចេះជួយយក អាសារ គ្នាទៅវិញទៅមក "។

សម្តេចធិបតី បានថ្លែងថា "រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការពង្រឹង គុណភាពអប់រំបណ្តុះបណ្តាលជំនាញ, ទាំងជំនាញរឹង និង ជំនាញទន់, គឺជាផ្នែកមួយនៃគោល ដៅយុទ្ធសាស្ត្រទី២ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ «ការបង្កើតការងារឱ្យ បានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព, ជូនដល់ប្រជាជនកម្ពុជា ជាពិសេស សម្រាប់យុវជន» ។ រាជរដ្ឋាភិបាលក៏បានកំណត់យកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិ ភ័យនៅទូទាំងប្រទេស ដែលមានចំនួនសរុបប្រមាណជាង ១,៥ លាននាក់ នៅតាមបណ្តា គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ របស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត១ ដោយមិនបង់ថ្លៃសិក្សា និង ទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ កិច្ចការនេះ គឺជាកម្មវិធីទី២ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម ក្នុង ឆ្នាំ២០២៣ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១"៕