សម្តេចធបតី ណែនាំដល់ក្រសួងការងារ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់យុវជនឱ្យបានគ្រប់ ១,៥ លាននាក់នៅត្រឹមឆ្នាំ២០២៨
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផានណាត
-----
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និង សង្គមស៊ីវិល បន្តជំរុញការអនុវត្តកម្ម វិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់ ១,៥ លាននាក់ នៅត្រឹមឆ្នាំ២០២៨។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET (ធីវេត) ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល" នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។
សម្តេចធិបតី បានណែនាំឲ្យលើកកម្ពស់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ដោយផ្អែកលើតម្រូវការជាក់ស្តែង និង សក្តានុពលរបស់មូលដ្ឋានសាមី ដើម្បីគាំទ្រដល់យុទ្ធនាការបង្កើតការងារនៅហ្នឹងកន្លែង និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងត្រូវបន្តរៀបចំការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង វិជ្ជាជីវៈ ជូនដល់ពលករត្រឡប់មកពីប្រទេសថៃ ដើម្បីជំរុញការផ្លាស់ប្តូរជំនាញឱ្យស្របតាមតម្រូវការការងារក្នុងស្រុក ព្រមទាំងអនុវត្តការវាយតម្លៃផ្អែកលើសមត្ថ ភាពទទួលស្គាល់ជំនាញ និង ការសិក្សាដែលមានពីមុន ដោយឥតគិតថ្លៃសម្រាប់ពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ។
យ៉ាងណាក៏ដោយសម្តេចធិបតី ក៏បានបញ្ជាក់ថា " ការបណ្ដុះបណ្ដាលមិនត្រូវខំប្រឹងយកតែតួលេខ ឲ្យបាន១,៥លាននាក់នៅឆ្នាំ២០២៨នោះទេ ត្រូវប្រឹងយកគុណភាព បើមិនអាចទទួលបានការបណ្តះុបណ្តាល១,៥លាន តាមផែនការទេ បន្តក្រោយឆ្នាំ២០២៨ទៀត សំខាន់យកគុណភាពជាអាទិភាព"៕