ព័ត៌មានអន្តរជាតិ

ភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង ចុះបង្ក្រាបបណ្តាញផលិតគ្រឿងញៀនទ្រង់ទ្រាយធំប្រចាំតំបន់អាស៊ី ដែលមានទីតាំងនៅប្រទេសថៃ

image

ថៃឡង់ដ៍៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង ហៅកាត់ថា NIS បានសហការជាមួយការិយាល័យត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) បើកប្រតិបត្តិការរួមគ្នាឆ្មក់ចូលបង្ក្រាបឃ្លាំងស្តុកទំនិញចំនួន ១០កន្លែង នៅក្នុងនិងជុំវិញទីក្រុងបាងកក ដោយបានរឹបអូសសារធាតុគីមីជិត ៥០តោន សម្រាប់យកទៅផ្សំដើម្បីផលិតគ្រឿងញៀន កាលពីសប្ដាហ៍មុន ដោយនេះគឺជាលើកដំបូងបង្អស់ដែលស្ថាប័នកូរ៉េខាងត្បូង ចុះបង្ក្រាបដោយផ្ទាល់នៅបរទេស ។
 
សារធាតុគីមីដែលដកហូតបាន រួមមានសារធាតុអាសេតូន (Acetone - ទឹកលាងថ្នាំក្រចក/រំលាយធាតុគីមី) និងអាស៊ីតអ៊ីដ្រូក្លូរីក (Hydrochloric acid) ដែលបើតាមការវាយតម្លៃ គឺវាមានបរិមាណច្រើនល្មមអាចផលិតជាគ្រឿងញៀនសម្រេចបានរហូតដល់ទៅ ៧០០លានគ្រាប់/ចាក់ និងមានតម្លៃទឹកប្រាក់នៅលើទីផ្សារងងឹតខ្ទង់ ៥,៥៩ ពាន់លានដុល្លារអាម៉េរិក (៨,៤ ទ្រីលានវ៉ុន) ប្រសិនបើត្រូវបានចែកចាយចេញទៅក្រៅ ។
 
យុទ្ធនាការដ៏ធំនេះ បានធ្វើឡើង គិតចាប់តាំងពីមានសំណើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរថៃ កាលពីប៉ុន្មានខែថ្មីៗកន្លងទៅនេះ ដើម្បីឱ្យកូរ៉េខាងត្បូងជួយតាមចាប់ខ្លួនមេខ្លោងគ្រឿងញៀនដ៏មានឥទ្ធិពលឈ្មោះ ថផាណាន់ (Thapanan) ដែលជាជនសង្ស័យមានដីកាតាមចាប់ខ្លួនរហូតដល់ទៅ ៥០ដង និងជាអ្នកគ្រប់គ្រងការចែកចាយគ្រឿងញៀនជាងពាក់កណ្តាលនៅក្នុងប្រទេសថៃ ។
 
នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ មានការចូលរួមពីកម្លាំងចម្រុះរបស់ថៃជាង ១០០នាក់ ដោយមានការគាំទ្របច្ចេកទេសពីអ្នកជំនាញគ្រឿងញៀនរបស់កូរ៉េខាងត្បូង ខណៈទីភ្នាក់ងារ NIS បានចាត់ទុកជោគជ័យនេះថាជាការកាត់ផ្តាច់ប្រភពផ្គត់ផ្គង់គ្រឿងញៀនដ៏ធំប្រចាំតំបន់អាស៊ី និងប្តេជ្ញាបន្តសហការកម្ទេចបណ្តាញឆ្លងដែនទាំងនេះទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Yonhap News Agency និងប្រភពដទៃទៀត | រូបភាព៖ NIS & Yonhap.