ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក របស់អ្នកឧកញ៉ា គិត ម៉េង បានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ
ជប៉ុន៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា (Joint Venture Agreement) ជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីបង្កើត តំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ (Kampong Thom Special Economic Zone - KTSEZ)។
គម្រោងនេះ មានគោលបំណងអភិវឌ្ឍតំបន់កសិ-ឧស្សាហកម្មកែច្នៃ តាមគំរូ «ពីកសិដ្ឋានដល់រោងចក្រ» (Farm-to- Factory Agro-Processing Zone) ដែលនឹងលើកកម្ពស់ឧស្សាហកម្មជំនួសការនាំចូល និងឧស្សាហកម្មដែលផ្តោតលើការនាំចេញ ដោយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែម។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរំពឹងថា នឹងពង្រឹងឧស្សាហូបនីយកម្មជនបទ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលរបស់កសិករ តាមរយៈការអភិវឌ្ឍឧស្សាហកម្ម កែច្នៃកសិផល។
ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំនេះ គឺស្របទៅតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញទំនើបកម្មវិស័យកសិកម្ម ការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម និងការអភិវឌ្ឍតំបន់ប្រកបដោយតុល្យភាព។
គម្រោងនេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិ ក្នុងការពង្រឹងវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា បង្កើតឱកាសការងារនៅតំបន់ជនបទ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជាទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមាន ប្រសាសន៍អំពីគម្រោងនេះថា៖ «គម្រោងនេះគឺជាការបោះជំហានចូលទៅក្នុងវិស័យថ្មីមួយសម្រាប់ក្រុមហ៊ុនរបស់យើង ហើយវា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់ជនបទ ដោយប្រើប្រាស់ជំនាញនិងបទពិសោធន៍ ដែល យើងបានកសាងអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក។ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ យើងមានគោលបំណង បង្កើតឱកាសការងារប្រកបដោយចីរភាព ផ្តល់ប្រភពចំណូលមានស្ថិរភាពដល់សហគមន៍ជនបទ និងគាំទ្រដល់ការអភិវឌ្ឍវិស័យ កសិ-ឧស្សាហកម្មរបស់កម្ពុជា»។
ដោយផ្អែកលើបទពិសោធន៍ជាងពីរទសវត្សរ៍ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានគោលបំណងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ ឱ្យក្លាយជាតំបន់កសិ-ឧស្សាហកម្មកែច្នៃតាមគំរូ «ពីកសិដ្ឋានដល់រោងចក្រ ឈានមុខគេ ដែលរួមចំណែកពង្រឹង ខ្សែសង្វាក់តម្លៃកសិកម្ម ទាក់ទាញការវិនិយោគប្រកបដោយ គុណភាព និងបង្កើតឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាកសិករ និងសហគមន៍ជនបទនៅកម្ពុជា៕