ភ្លៀងមួយមេធំ បំផ្លាញផ្ទះពលរដ្ឋ ៣៥១ខ្នង រោងចក្រ ៥កន្លែង បង្គោលភ្លើង ១ដើម សាលារៀន ៤ខ្នង រថយន្ត២គ្រឿង នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង លាយឡំខ្យល់កន្ត្រាក់ បានធ្វើឱ្យផ្ទះជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ សាលារៀន រោងចក្រ រថយន្ត បង្គោលភ្លើង ស្ថិតក្នុងភូមិចំនួន ៦ នៃស្រុកសំរោងទង បានរងផលប៉ះពាល់ធ្ងន់ ស្រាល។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរស្រុក ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
តាមរបាយការណ៍បញ្ជាក់ថា គ្រោះធម្មជាតិភ្លៀងនឹងខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៣:៣០រសៀល មានភ្លៀងនឹងខ្យល់កន្ត្រាក់បានធ្វើឱ្យភូមិចំនួន ៦ បានរងផលប៉ះពាល់ក្នុងនោះរលំផ្ទះមួយខ្នង របើកដំបូលផ្ទះប្រមាណ៣ ៥០ខ្នង របើកដំបូលរោងចក្រកម្រិតស្រាល៥រោងចក្រ របើកដំបូល រោងមាន់១កន្លែង របើកដំបូល សាលាវិទ្យាល័យហ៊ុនសែនចំបក់២ខ្នង របើកដំបូល សាលាបឋមសិក្សាចំបក់២ខ្នង បាក់បង្គោលភ្លើងមួយដើម និងបែកកញ្ចក់រថយន្ត២គ្រឿង ដោយដើមឈើរលំកិន។ បាតុភូតធម្មជាតិដ៏អាក្រក់នេះមិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនឹងសត្វនោះទេ។
ជាមួយនឹងផលប៉ះពាល់នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចុះជាបន្ទាន់នៅតាមខ្នងផ្ទះ ដើម្បីពិនិត្យមើលពីផលប៉ះពាល់ និងតម្រូវការចាំបាច់របស់ពលរដ្ឋដែលរងនូវផលប៉ះពាល់នេះ ហើយរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា ធ្វើយ៉ាងណាចៀសវាងឱ្យពួកគាត់ដាច់ស្បៀង ឬគ្មានកន្លែងដែលត្រូវជ្រកកោនបណ្តោះអាសន្ន ទំរាំការជួសជុលបានរួចរាល់។មួយវិញទៀត អនុវិទ្យាល័យ និងវិទ្យាល័យដែលរងផលប៉ះពាល់របើកដំបូល ៤ខ្នង ត្រូវពន្លឿនការជួសជុលបន្ទាន់ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស៕
អត្ថបទ៖ ប៊ុត សារុន