រដ្ឋមន្រ្តី ហេង សួរ អះអាងថា កម្ពុជា មានភាពម្ចាស់ការលើការបណ្ដុះបណ្ដាល និងផ្គត់ផ្គង់កម្លាំងពលកម្មផ្នែកយានយន្តគ្រប់ប្រភេទចាប់ពីចុងឆ្នាំ ២០២៧ខាងមុខនេះ
ភ្នំពេញ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ នឹងធ្វើឱ្យកម្ពុជាមានភាពម្ចាស់ការលើការបណ្ដុះបណ្ដាល និងផ្គត់ផ្គង់កម្លាំងពលកម្មផ្នែកយានយន្តគ្រប់ប្រភេទទាំងស្រុងចាប់ពីចុងឆ្នាំ២០២៧នេះតទៅ ដើម្បីធ្វើយ៉ាងណា ធានាលើការផ្គត់ផ្គង់កម្លាំងពលកម្មឱ្យបានគ្រប់គ្រាន់ ស្របទៅតាមតម្រូវការជាក់ស្ដែង និងខ្សែសង្វាក់ផលិតកម្មក្នុងស្រុក។
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះថា តាមរយៈការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា(ACE-C) ដោយបានសហការជាមួយវិទ្យាស្ថាន Bendigo Kangan Institute (BKI)នៃប្រទេសអូស្ត្រាលី និងក្រុមហ៊ុន RMA Cambodia បានបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញដល់ប្រជាជនកម្ពុជាក្លាយជាអ្នកជំនាញផ្នែកយានយន្ត មេកានិច និងជួសជុលដែលមានសមត្ថភាពខ្ពស់។
លោកបន្តថា “តាមរយៈការដាក់ឱ្យដំណើរការមញ្ឍមណ្ឌលយានយន្តទាំងនេះ នឹងធ្វើឱ្យកម្ពុជាមានភាពម្ចាស់ការលើការបណ្ដុះបណ្ដាល និងផ្គត់ផ្គង់កម្លាំងពលកម្មកម្ពុជា ផ្នែកយានយន្តគ្រប់ប្រភេទទាំងស្រុងចាប់ពីចុងឆ្នាំ២០២៧នេះតទៅ ដែលនេះ គឺជាមោទនាភាពមួយរបស់កម្ពុជារបស់យើង ហើយក្រសួង នឹងខិតខំសហការជាមួយដៃគូ ហើយនឹងក្រុមហ៊ុនឯកជនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ធានាម្ចាស់ការ និងផ្គត់ផ្គង់កម្លាំងពលកម្ម ឱ្យស្របទៅតាមតម្រូវការជាក់ស្ដែង ខ្សែសង្វាក់ផលិតកម្មមួយ”។
លើសពីនេះ ក្នុងឆ្នាំ២០២៧ខាងមុខនេះ ក្រសួងការងារ ក៏ទទួលបានការគាំទ្រពីធនាគាអភិវឌ្ឍអាស៊ី ក្នុងការបំពាក់ឧបករណ៍ សម្ភារៈសិក្សានៅវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសខេត្តកំពង់ធំ ដើម្បីជំនាញមួយដែលពាក់ព័ន្ធផលិតកម្មផលិតផលស្វាយចន្ទី ដែលអាចបង្កើនតម្លៃបន្ថែមដល់ផលិតផលស្វាយចន្ទីនៅកម្ពុជា ដែលស្របទៅតាមការអភិវឌ្ឍ និងលើកកម្ពស់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា៕