រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ រួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យនៅក្នុងកម្រិតទាបបំផុត
កំពត៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការចូលរួមពី សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី ១៧នេះ សហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានលើកឡើងថា ពិធីនេះ ក៏ជាសកម្មភាពមួយនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំបាត់ទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការសំដែងឆន្ទ:ចូលរួមជាមួយសហគមន៍អន្តរជាតិ អនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ។ ក្រោយប្រទេសកម្ពុជាមានការប៉ះទង្គេចជាមួយប្រទេសថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ក្រសួងមហាផ្ទៃបានសម្រេចផ្អាកការផាកពិន័យការល្មើសច្បាប់ចរាចរណ៍ ហើយជំនួសដោយធ្វើការណែនាំ តែវិធានការសំខាន់ៗមួយចំនួននៅតែបន្តអនុវត្ត ពិសេសការពិនិត្យជាតិអាលកុល និងការពិនិត្យអាវុធជាតិផ្ទុះជាដើម។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា ក្រោយមានការផ្អាកការផាកពិន័យ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង។ ដូច្នេះប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់យានយន្តទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ចួន ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅទាបបំផុត។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាមួយការកចិត្តទុកដាក់បើកបរប្រកបដោយការទទួលខុសត្រូវ និងតម្កល់ឆន្ទៈគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះត្រូវយកអស់ស្មារតីអនុវត្តវិធានការសំខាន់ៗ ១. ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត, ២. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត, ៣. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត, ៤. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត, ៥. មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត, ៦. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើតតាមទោចក្រយានយន្ត, ៧. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច, ៨. ត្រូវប្រកាន់ស្តាំជានិច្ច, ៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច និង ១០.ត្រូវប្រុងប្រយ័ត្នជានិច្ច។
សូមបញ្ជាក់ថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាព្រឹត្តិការណ៍ផ្តួចផ្តើមដោយ អង្គការសហប្រជាជាតិដែលបានកំណត់យកខែឧសភា រៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមប្រទេសនានាទូទំាងសកលលោក ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលរួមទាំងប្រទេសកម្ពុជាឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍។ ឆ្នាំនេះ គឺជាឆ្នាំទី១៧ ដែលប្រទេសកម្ពុជារួមជាមួយប្រទេសនានាបានប្រារព្ធពិធីដ៏មានសារៈសំខាន់នេះ ក្រោមការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាល ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចជាផ្លូវការប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ និងបានបន្តដឹកនាំប្រារព្ធជារៀងរាល់ឆ្នាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអណត្តិទី៧នៃរាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កបាត់បង់ជីវិតមនុស្ស កាយសម្បទា និងបង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន។ ទិវានេះក៏បានបំផុសស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងអស់បង្កើនការប្រុងប្រយ័ត្នចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត៕
អត្ថបទ៖ វង្ស សុធារម្យ