សមត្ថកិច្ចស្រុកចន្ទ្រា បង្ក្រាបសកម្មភាពសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឃាត់ខ្លួនជនសង្ស័យ ១០នាក់ ជាជនជាតិវៀតណាម
ស្វាយរៀង៖ជនសង្ស័យជាជនជាតិវៀតណាម ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកចន្ទ្រា ឃាត់ខ្លួនដោយសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
យោងតាមសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោង បានចុះត្រួតពិត្យ និងបង្ក្រាបសកម្មភាពសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចទីតាំងបន្ទប់ជួល ១កន្លែង ស្ថិតក្នុងភូមិចេក ឃុំសំរោង។
ប្រភពបានបន្តទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូត និងចាប់យកសម្ភារៈជាវត្ថុតាង រួមមាន កុំព្យូទ័រយូដៃ ១១គ្រឿង កុំព្យូទ័រលើតុ (All in one) ៤គ្រឿង ទូរស័ព្ទដៃ ipad ដុំ Wifi និងសម្ភារ:សម្រាប់បម្រើការងារ Online scam មួយចំនួនទៀត ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ១០នាក់ (ជនជាតិ វៀតណាម) ស្រី០២ នាក់។
ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចជំនាញ បានបិទ(Seal) បន្ទប់សង្ស័យមានបទល្មើសខាងលើជាបណ្តោះអាសន្ន ។
ចំណែកជនសង្ស័យ រួមនឹងសម្ភារៈវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីអនុវត្តនីតិវិធីបន្ត៕
អត្ថបទ៖ មិន ភក្តី