តម្លៃប្រេងឆៅអន្តរជាតិ ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្រោយអាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងបញ្ចប់សង្គ្រាម និងបើកដំណើរការច្រកសមុទ្រ ហ័រមូស ឡើងវិញ
អន្តរជាតិ៖ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ខែ គិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជំហានដំបូង ដើម្បីបញ្ចប់សង្គ្រាម និងបើកដំណើរការច្រកសមុទ្រ ហ័រមូស ឡើងវិញ។
តម្លៃប្រេង Brent បានធ្លាក់ចុះ ៤,២% មកនៅត្រឹម ៨៣,៦៨ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេង WTI របស់អាមេរិក បានធ្លាក់ចុះ ៤,៩% មកនៅត្រឹម ៨០,៧៥ ដុល្លារ បន្ទាប់ពីការជួញដូរមានភាពរង្គោះរង្គើកាលពីចុងសប្តាហ៍មុន ដោយសារតែតម្លៃប្រេងបានដាំក្បាលចុះជាង ៣ ភាគរយរួចទៅហើយកាលពីថ្ងៃសុក្រ ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បានបញ្ជាក់ថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅប្រទេសស្វីសនាថ្ងៃសុក្រ ទី១៩ ខែមិថុនា ខណៈលោក ដូណាល់ ត្រាំ បញ្ជាក់ថា ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់នឹងត្រូវបញ្ចប់ ហើយច្រកសមុទ្រ ហ័រមូស នឹងបើកឱ្យធ្វើដំណើរដោយមិនគិតថ្លៃ ។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានឱ្យដឹងថា ផែនការបើកច្រកសមុទ្រនេះ នឹងត្រូវអនុវត្តក្នុងរយៈពេល ៣០ថ្ងៃ ក្រោមការរៀបចំរបស់អ៊ីរ៉ង់ ដែលជំរុញឱ្យអ្នកវិភាគទីផ្សារមើលឃើញពីការកាត់បន្ថយហានិភ័យភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័ស ។
ចាប់តាំងពីមានការបិទច្រកសមុទ្រ ហ័រមូស ដែលជាចំណុចយុទ្ធសាស្ត្រផ្គត់ផ្គង់ប្រេងមួយភាគប្រាំនៃពិភពលោករួចមក ពិភពលោកបានខាតបង់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នរាប់លានបារ៉ែល ហើយបច្ចុប្បន្នវិនិយោគិន កំពុងតាមដានពីល្បឿននៃការស្តារផលិតកម្មនៅមជ្ឈិមបូព៌ា ។
អ្នកជំនាញវិភាគទីផ្សារប្រេង និងទំនិញ លោក វីវេក ដារ (Vivek Dhar) បានកត់សម្គាល់ថា ប្រសិនបើលំហូរប្រេងត្រឡប់មកបាន ៦០-៧០% នៃកម្រិតមុនសង្គ្រាម ទីផ្សារប្រេងនឹងវិលត្រឡប់ទៅរកស្ថានភាពលើសតម្រូវការវិញ ហើយអ៊ីរ៉ង់ក៏ត្រៀមចរចាកិច្ចព្រមព្រៀងបន្ថែមទៀតក្នុងអំឡុងពេលបទឈប់បាញ់ ៦០ថ្ងៃ ។
ក្រុមប្រទេស E4 បានត្រៀមលក្ខណៈដកទណ្ឌកម្មលើអ៊ីរ៉ង់វិញហើយ ដើម្បីឆ្លើយតបទៅនឹងចំណាត់ការនុយក្លេអ៊ែរ ទោះជាយ៉ាងណាក្ដី អ្នកវិភាគព្រមានថា ការខូចខាតសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដែលកើតមានអស់ជាច្រើនខែ មិនអាចស្តារឡើងវិញបានក្នុងរយៈពេលខ្លីនោះទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Reuters/ iStock/ Freepik