លោករដ្ឋមន្ត្រី សុខ សូកេន ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអធិការកិច្ចទាំងអស់ ខិតខំដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងប្រសិទ្ធភាពការងារ
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារតម្រង់ទិស និងដាក់ចេញទិសដៅការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដែលបានសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ និងបានចូលរួមសកម្មភាពនានាគាំទ្រដល់ការងារនានារបស់ក្រសួង។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះៗដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ឱ្យបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងប្រសិទ្ធភាពការងារគាំទ្រឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការជំរុញ និងពន្លឿនការកែសម្រួលនិងតែងតាំងមន្ត្រីតាមរចនាសម្ព័ន្ធថ្មី ការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពមន្ត្រី ការគ្រប់គ្រងទិន្នន័យស្ថិតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើបរិវត្តកម្មឌីជីថលដែលគាំទ្រដល់ការងារស្នូលរបស់ក្រសួង ស្របតាមផែនការសកម្មភាពនានាដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួង៕