មហាកំពែងចិន លេចរូបរាងថ្មីនៅលើទឹកដីនៃប្រទេសប៉េរូ កំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
លីម៉ា, ប៉េរូ៖ ទីតាំងនៃតំបន់ទស្សនីយភាពថ្មី ហួយហួខាលឡេ (Huayhuacalle) ដែលទើបតែបើកសម្ពោធថ្មីៗ បានចាប់ផ្តើមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ចាប់តាំងពីបើកដំណើរការកាលពីដើមខែមិថុនា ឆ្នាំ២០២៦ ដោយទីនោះផ្តល់នូវទិដ្ឋភាពដ៏ប្លែកជុំវិញកំពូលភ្នំទឹកកក ប៉ាដ្រេយុក (Padreyoc) និងជ្រលងភ្នំ អាពូរីម៉ាក់ (Apurimac Canyon) ដែលជាជ្រលងភ្នំដ៏ជ្រៅបំផុតមួយនៅលើពិភពលោក ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញវិស័យទេសចរណ៍នៅភាគខាងត្បូងប្រទេសប៉េរូ ។
ពលរដ្ឋប៉េរូ បានដាក់ឈ្មោះ សំណង់ស្ថាបត្យកម្មមួយនេះ ថាជា «មហាកំពែងចិនដែលស្ថិតនៅជួរភ្នំអង់ដេស» (Andean) ដោយសារតែវាមានរូបរាងដូចគ្នាបេះបិទទៅនឹងសំណង់ប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ប្រទេសចិន។ ផ្លូវដើរធ្វើពីថ្មនេះ មានលក្ខណៈបត់បែនតាមបណ្តោយចង្កេះភ្នំខ្ពស់ត្រដែត នៅពីលើជ្រលងភ្នំ អាពូរីម៉ាក់ (Apurimac) ដោយមានចំណុចសម្រាប់ឈរទស្សនាទេសភាពជាច្រើនកន្លែង ព្រមទាំងមានបង្កាន់ដៃការពារសុវត្ថិភាពសម្រាប់ឈរមើលផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតប្លែកភ្នែក ។
ទីតាំងទស្សនាទេសភាពនេះ ស្ថិតនៅក្នុងស្រុក សាន់ ប៉េដ្រូ ដឺ កាឆូរ៉ា (San Pedro de Cachora) ក្នុងខេត្ត អាបាន់ខាយ (Abancay) ហើយសំណង់នេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលដឹកនាំដោយអាជ្ញាធរក្នុងតំបន់ ។
លោក វីលៀម កូបារ៉ូវីអាស (William Cobarruvias) ប្រធាននាយកដ្ឋានទេសចរណ៍ និងពាណិជ្ជកម្មក្រៅប្រទេសប្រចាំតំបន់នៃដែនដី អាពូរីម៉ាក់ បានរៀបរាប់ថា «គំនិតផ្តួចផ្តើមមួយចំនួនពីបណ្តាប្រទេសផ្សេងទៀត ត្រូវបានយើងយកមកអនុវត្ត និងចម្លងតាម ប៉ុន្តែភូមិសាស្ត្រជាក់ស្តែងនៅទីតាំង ហួយហួខាលឡេ នេះ ក៏អំណោយផលខ្លាំងណាស់ដែរ ដែលធ្វើឱ្យយើងអាចបង្កើតសំណង់ប្រភេទនេះឡើងនៅក្នុងតំបន់របស់យើងបាន» ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ទីតាំងទស្សនាទេសភាពនេះ បច្ចុប្បន្នកំពុងទាក់ទាញភ្ញៀវទេសចរចន្លោះពី ១៥០ ទៅ ២០០ នាក់ក្នុងមួយថ្ងៃ ដោយភ្ញៀវភាគច្រើនបានលាន់មាត់សរសើរមិនដាច់ពីមាត់ចំពោះទេសភាពដ៏ស្រស់ត្រកាល និងភាពដូចគ្នាបេះបិទទៅនឹងមហាកំពែងចិន ។
ភ្ញៀវទេសចរម្នាក់បានចែករំលែកចំណាប់អារម្មណ៍ថា «ការមកដល់ទីនេះ ហើយបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតចេញពីកំពែងមួយនេះ វាហាក់ដូចជាកំពុងតែនាំអារម្មណ៍យើងឱ្យធ្វើដំណើរទៅដល់ប្រទេសចិនអញ្ចឹង»។ ចំណែកឯភ្ញៀវទេសចរម្នាក់ទៀត បានសម្តែងនូវភាពរំភើបរីករាយដូចគ្នាថា «វាជាមហាកំពែងចិន ប៉ុន្តែមិនមែននៅក្នុងប្រទេសចិននោះទេ ពោលគឺវាស្ថិតនៅទីនេះ នៅក្នុងតំបន់ អាពូរីម៉ាក់ លើទឹកដីរបស់យើង ហើយយើងសូមអញ្ជើញមនុស្សគ្រប់គ្នាឱ្យមកទស្សនាទីតាំងអច្ឆរិយៈមួយនេះ ដែលអ្នកនឹងមិនអាចបំភ្លេចបានឡើយពេញមួយជីវិត» ។
គូសបញ្ជាក់ដែរថា ទីតាំងទស្សនីយភាព ហួយហួខាលឡេ នេះ គឺជាផ្នែកមួយនៃសំណង់ស្ថាបត្យកម្មទាំង ៩ ដែលបង្កើតឡើងខ្សែផ្លូវទេសចរណ៍នៃជ្រលងភ្នំ អាពូរីម៉ាក់ (Apurimac)។ គិតមកទល់ពេលនេះ គម្រោងសាងសង់ទាំងមូល បានចំណាយថវិកាវិនិយោគអស់ប្រមាណ ១៥ លានសូលនៃរូបិយប័ណ្ណប៉េរូ ឬស្មើនឹងប្រហែល ៤,៤ លានដុល្លារអាម៉េរិក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.