ជំនន់ទឹកភ្លៀង វាយប្រហារយ៉ាងខ្លាំងលើទីក្រុងម៉ូស្គូ និងទីក្រុងក្រាស្នូដា ភាគខាងត្បូងប្រទេសរុស្ស៊ី
រុស្ស៊ី៖ គ្រោះមហន្តរាយជំនន់ទឹកភ្លៀង បានវាយប្រហារយ៉ាងខ្លាំងលើទីក្រុងម៉ូស្គូ និងទីក្រុងក្រាស្នូដា (Krasnodar) ស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ដែលបណ្តាលឱ្យផ្លូវថ្នល់ជាច្រើនខ្សែប្រែក្លាយជាទឹកទន្លេ និងធ្វើឱ្យរថយន្តរបស់ប្រជាពលរដ្ឋជាច្រើនគ្រឿងត្រូវលិចលង់ និងជាប់គាំងកណ្តាលទឹក ។
បើតាមអ្នកជំនាញផ្នែកអាកាសធាតុ បានឱ្យដឹងថា បរិមាណទឹកភ្លៀងដែលធ្លាក់ចុះមកត្រឹមតែប៉ុន្មានម៉ោងនោះ គឺមានចំនួនស្មើនឹងមួយភាគបីនៃកម្រិតទឹកភ្លៀងសរុបប្រចាំខែទៅហើយ។ ដោយឡែក នៅក្នុងទីក្រុងក្រាស្នូដាវិញ កម្រិតទឹកភ្លៀងក្នុងរយៈពេល ២៤ម៉ោង បានហក់ឡើងដល់ ៩០មីលីម៉ែត្រ ដោយលើសពីកម្រិតមធ្យមប្រចាំខែដែលមានត្រឹមតែ ៦៥មីលីម៉ែត្រប៉ុណ្ណោះ ។
ស្ថានភាពដ៏លំបាកនេះ បានធ្វើឱ្យអាជ្ញាធរសង្គ្រោះបន្ទាន់ទទួលបានសំណើរសុំកិច្ចអន្តរាគមន៍បូមទឹកចេញរហូតដល់ ២៧៦ករណី ទាំងនៅលើទ្រូងផ្លូវ និងនៅតាមតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ ប៉ុន្តែប្រតិបត្តិការសង្គ្រោះជួបឧបសគ្គយ៉ាងខ្លាំង ដោយសារតែមេឃនៅតែបន្តធ្លាក់ភ្លៀងយ៉ាងខ្លាំង ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារឧតុនិយមរុស្ស៊ីក៏បានបន្តចេញលិខិតព្រមានគ្រោះអាសន្នថា ហានិភ័យនៃគ្រោះធម្មជាតិ ដូចជាភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ ធ្លាក់ព្រឹល និងខ្យល់កន្ត្រាក់ដែលមានល្បឿនរហូតដល់ ២០ម៉ែត្រក្នុងមួយវិនាទី នឹងនៅតែបន្តវាយប្រហារទីក្រុងម៉ូស្គូ និងតំបន់ភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.