ព័ត៌មានអន្តរជាតិ

លោក ហ្សេលែនស្គី បង្ហើបពីកិច្ចពិភាក្សាដ៏ល្អជាមួយលោក ត្រាំ ព្រមទាំងកោតសរសើរអង់គ្លេស ក្រោយឃាត់កប៉ាល់ដឹកប្រេង ដែលសង្ស័យថាជារបស់រុស្ស៊ី

image


 
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានទូរសព្ទទៅកាន់លោក ដូណាល់ ត្រាំ ដើម្បីអបអរសាទរខួបកំណើតគម្រប់ ៨០ឆ្នាំរបស់លោក ព្រមទាំងបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីឫសគល់នៃសង្គ្រាម និងឱកាសស្វែងរកសន្តិភាព ដោយប្រជាជនអ៊ុយក្រែនសង្ឃឹមថា លោក ត្រាំ នឹងជួយសម្រេចបាននូវសន្តិភាពពិតប្រាកដរួមគ្នាជាមួយសហរដ្ឋអាម៉េរិក ។
 
ក្រៅពីការសន្ទនាទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរ ក៏បានជជែកគ្នាអំពីរបៀបវារៈនៃកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសបារាំង ដែលបញ្ហាការពារជាតិរបស់អ៊ុយក្រែន នឹងត្រូវលើកយកមកធ្វើជាប្រធានបទសំខាន់ រួមជាមួយបញ្ហាវិបត្តិមជ្ឈិមបូព៌ា សន្តិសុខថាមពល និងសេដ្ឋកិច្ចពិភពលោក។ នៅក្នុងថ្ងៃដដែលនោះ លោក ត្រាំ ក៏បានបន្តកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពុទីន រយៈពេល ៥៥នាទី ក្នុងបរិយាកាសស្និទ្ធស្នាលដូចគ្នាដែរ ។
 
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក ហ្សេលែនស្គី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចក្រភពអង់គ្លេស ដែលបានបើកប្រតិបត្តិការស្ទាក់ចាប់កប៉ាល់ដឹកប្រេងមួយគ្រឿង ដែលស្ថិតនៅក្នុងបណ្តាញ «ក្រុមនាវាស្រមោល» របស់រុស្ស៊ី ដែលលោកចាត់ទុកថាជាជំហានដំបូងដ៏សំខាន់របស់អង់គ្លេស ។
 
លោក ហ្សេលែនស្គី បានសង្កត់ធ្ងន់ថា ការបិទផ្លូវនាំចេញប្រេងរបស់រុស្ស៊ី គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញឱ្យសង្គ្រាមមួយនេះដើរដល់ទីបញ្ចប់ ខណៈដែលចំណាត់ការរបស់អង់គ្លេស គឺស្របទៅនឹងយុទ្ធសាស្ត្ររួមរបស់លោកខាងលិច ក្នុងការរឹតបន្តឹងការអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដែលបានដាក់ចេញតាំងពីឆ្នាំ២០២២ មក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Others