អាជ្ញាធរខេត្តសៀមរាប លេីកទឹកចិត្តដល់ពលរដ្ឋដែលត្រលប់ពីថៃទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារដែលសមស្រប
សៀមរាប៖ អភិបាលរងខេត្តសៀមរាប លោក ឌី រ៉ាដូ បានជំរុញដល់ពលរដ្ឋខ្មែរដែលត្រលប់មកពីប្រទេសថៃ ត្រូវឆាប់ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសធ្វើការងារដ៏សមស្រប ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសចំពោះអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ។
លោក ឌី រ៉ាដូ បានជំរុញបែបនេះ នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៥ ខែមិថុនា នៅក្នុងខេត្តសៀមរាប ដែលទិវានេះធ្វើឡើងដើម្បីចូលរួមលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាលនិងវិស័យឯកជន ឱ្យបានយល់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលហៅកាត់ថា TVET (ធីវេត)។
លោក ឌី រ៉ាដូ បានបញ្ជាក់ថា គម្រោងអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនការបណ្តុះបណ្តាលជាង ១ម៉ឺន ១ពាន់នាក់ សម្រាប់ខេត្តសៀមរាប។ ដូច្នេះអតីតពលករ អាចចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលតាមរយៈវិទ្យាស្ថានចំនួនពីរ គឺវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដើម្បីមានចំណេះជំនាញ និងអាចទទួលបានឱកាសការងារសមស្របមួយនៅក្នុងប្រទេស។
លោក ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានលើកឡើងថា មកដល់ឆ្នាំ២០២៦ ជាខួបលើកទី៩ហើយ នៃការរៀបចំទិវាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខណៈទិវានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧មក។ ចំពោះការងារបណ្តុះបណ្តាល វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិទ្យាជីវៈ បានបណ្តុះបណ្តាលសិស្សនិស្សិត និងសិក្ខាម ដោយផ្តល់វិញ្ញាបណ្ណបត្ររហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យាក្នុងវិស័យអតិភាព លើមុខជំនាញ ដូចជា សំណង់ អគ្គិសនី អេឡិចត្រូនិក បរិក្ខាត្រជាក់ ព័ត៌មានវិទ្យា មេកានិករថយន្ត មេកាត្រូនិក ទីផ្សារ និងជំនាញគណនេយ្យជាដើម។
ក្រៅពីចំណេះជំនាញសិស្សនិស្សិតទាំងអស់ ក៏ទទួលបាននូវការអប់រំបន្ថែម ផ្តោតទៅលើជំនាញទន់ ការងារយេនឌ័រ ជំនាញស៥ ភាពជាអ្នកដឹកនាំ ព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងការអប់រំ កីឡា និងសិល្បៈ ជាដើម។ ឆ្នាំសិក្សា២០២៦ វិទ្យាស្ថានទាំងពីរមានសិស្សនិស្សិតដែលកំពុងទទួលការបណ្តុះបណ្តាលគ្រប់កម្រិតសិក្សា សរុបចំនួន ៣ ៦៩០នាក់ ក្នុងនោះស្រ្តីចំនួន ៩៩៦នាក់។ បន្ថែមពីនេះ ឆ្នាំ២០២៦ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ជាគម្រោងអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់អតីតពលករដែលត្រឡប់ពីប្រទេសថៃលើមុខជំនាញមួយចំនួន បានសរុប ១០៦៣នាក់។ ខណៈវិទ្យាស្ថានទាំងពីរ ក៏កំពុងជ្រើសរើសយុវជន សិស្ស និស្សិត និងកម្មករឱ្យចូលរៀនជាបន្តបន្ទាប់នៅវគ្គសិក្សានីមួយៗ។
លោក ម៉ប់ ស៊ីនួន បានបញ្ជាក់ថា ការបណ្តុះបណ្តាលថ្នាក់សញ្ញាបត្របច្ចេកទេស និងវិទ្យាវិជ្ជាជីវៈមួយលានកន្លះ ដែលសិក្សាពី៤ខែ ដល់១០ខែ និងចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ លើមុខជំនាញការងារកំបោ ការងារតបណ្តាញបំពងទឹក បណ្តាញអគ្គិសនីក្នុងអគារ ថែទាំ និងជួសជុលបរិក្ខាត្រជាក់ ថែទាំនិងជួសជុលរថយន្ត ដំឡើងកាំមេរ៉ាសុវត្ថិភាព កាត់សក់ សាឡន ជំនួយការចុងភៅ ក្រាហ្វិក ឌីហ្សាញ ជួសជុលកុំព្យូទ័រ ធ្វើនំ និងធុរកិច្ចភេសជ្ជៈ។ ការបណ្តុះបណ្តាលដំណើរការ និងសម្របសម្រួលដល់បងប្អូនយុវជន ដោយចែកចេញជាវេនចន្ទ-សុក្រ ព្រឹក-រសៀល និងវេនផ្សេងៗទៀតបត់ប៊ែកតាមស្ថានភាពគោលដៅធ្វើយ៉ាងណាឱ្យសម្រេចតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺរៀនឱ្យចេះ រៀនឱ្យចប់ ហើយមានការងារធ្វើ៕
អត្ថបទ៖ ជា ស្រស់