បាតុករប្រមាណ ២ម៉ឺននាក់ ប៉ះទង្គិចជាមួយនគរបាលបង្ក្រាបបាតុកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មុនកិច្ចប្រជុំ G7
ស្វីស៖ ក្រុមបាតុករប្រមាណ ២០,០០០ នាក់ បានផ្ទុះការប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយកងកម្លាំងនគរបាលបង្ក្រាបបាតុកម្ម នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអាទិត្យ ដោយក្រុមបាតុករបានដុតធុងសំរាម និងគប់វត្ថុផ្សេងៗ រហូតដល់សមត្ថកិច្ចប្រើប្រាស់គ្រាប់បែកបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ។
មូលហេតុដែលនាំឱ្យមនុស្សចូលរួមបាតុកម្មដ៏ធំនៅក្នុងទីក្រុងហ្សឺណែវ ក៏ដោយសារតែរដ្ឋាភិបាលបារាំង បានបដិសេធមិនព្រមចេញលិខិតអនុញ្ញាតឱ្យមានការជួបជុំតវ៉ានៅជិតទីតាំងប្រជុំកំពូល G7 ឡើយ ដែលបង្ខំឱ្យក្រុមបាតុករមកដង្ហែរក្បួននៅទឹកដីស្វីសជំនួសវិញ ។
ដើម្បីទប់ទល់នឹងស្ថានភាពអសន្តិសុខនេះ អាជ្ញាធរនៃប្រទេសទាំងពីរបានសហការគ្នា ដោយខាងកងទ័ពស្វីសបានដាក់ពង្រាយកម្លាំងជិត ៤,០០០ នាក់ ខណៈដែលភាគីប្រទេសបារាំង បានចល័តកងកម្លាំងនគរបាលរហូតដល់ទៅ ៨,០០០ នាក់ ដើម្បីយាមកាមយ៉ាងតឹងរ៉ឹងបំផុត ។
ការផ្ទុះឡើងនៃអំពើហិង្សានេះ ធ្វើឡើងនៅមុនពេលដែលកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអ្នកមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬ G7 ចាប់ផ្តើមជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងទីក្រុង អេវីយ៉ង់ ឡេបាន់ (Evian-les-Bains) ប្រទេសបារាំង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.