សង្គម

អ្នកឧកញ៉ា គិត ម៉េង ចាត់តាំងតំណាងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅសហព័ន្ធរុស្ស៊ី

image


ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រីចូលរួម កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី ៣៥ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន រុស្ស៊ី នៅទីក្រុងកាហ្សានសហព័ន្ធរុស្ស៊ី ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមក្នុង វេទិកាធុរកិច្ច រុស្ស៊ី-អាស៊ាន (Russia–ASEAN Business Forum) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន Bashir Rameev IT Park នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។វេទិកាធុរកិច្ចកម្រិតខ្ពស់នេះ ត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន ក្រោមការសហការរៀបចំដោយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសហព័ន្ធរុស្ស៊ី មូលនិធិរ៉ូសខន់ ហ្គ្រេស (Roscongress) និងក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ាន (Russian-ASEAN Business Council) រួមជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន(ASEAN Business Advisory Council)។

ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតផងដែរ ដើម្បីពង្រីកទំនាក់ទំនងធុរកិច្ច ស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-រុស្ស៊ី ក៏ដូចជាក្នុងក្របខណ្ឌភាពជាដៃគូ អាស៊ាន-រុស្ស៊ី ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕