អភិបាលរងខេត្តកណ្ដាល អំពាវនាវឱ្យយុវជនចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ដើម្បីទទួលបានការងារ និងប្រាក់ចំណូល
កណ្ដាល៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ជំរុញកូនចៅ និងយុវជនឱ្យមកចុះឈ្មោះសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលបានជំនាញវិជ្ជាជីវៈសម្រាប់អនាគត និងបង្កើនឱកាសការងារ។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក នុត ពុធដារ៉ា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់ «មនុស្ស» ជាអាទិភាពទី១ ក្នុងការអភិវឌ្ឍជាតិ។ ក្នុងនោះ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជារបៀបវារៈដ៏សំខាន់សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស និងលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មកម្ពុជា។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីអាទិភាពសម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណ ១,៥លាននាក់ទូទាំងប្រទេស ដោយសិក្សាដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រយៈពេល ៤ខែ ដែលជាឱកាសដ៏ល្អសម្រាប់យុវជន ជាពិសេសយុវជនក្នុងខេត្តកណ្ដាល។
លោកអភិបាលរងខេត្តបានបន្ថែមថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានសំខាន់ក្នុងការផ្តល់ជំនាញឱ្យប្រជាពលរដ្ឋ ស្របតាមតម្រូវការទីផ្សារការងារ។ ការសិក្សាអាចធ្វើឡើងទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ មានទាំងវគ្គខ្លី និងវគ្គវែង ដែលអាចជួយឱ្យសិក្ខាកាមទទួលបានការងារលឿន បង្កើនប្រាក់ចំណូល និងអាចបន្តការសិក្សាទៅកម្រិតខ្ពស់បន្ថែមទៀត។
លោកក៏បានគូសបញ្ជាក់ថា TVET គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជាទៅជាអ្នកជំនាញ និងអ្នកបច្ចេកទេស ជួយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគាំទ្រដល់ការធ្វើទំនើបកម្មឧស្សាហកម្ម ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានឱ្យដឹងថា វិទ្យាស្ថានកំពុងផ្តល់ការបណ្តុះបណ្តាលចាប់ពីកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាវិញ្ញាបនបត្រវិជ្ជាជីវៈរយៈពេលខ្លី។
វិទ្យាស្ថានមានជំនាញសិក្សាចម្រុះ រួមមាន អគ្គិសនី ព័ត៌មានវិទ្យា ជួសជុល និងថែទាំរថយន្ត គ្រប់គ្រងអាជីវកម្ម ភាសាអង់គ្លេស ជួសជុលទោចក្រយានយន្ត ផ្សារដែក ម៉ាស៊ីនត្រជាក់ ឧស្សាហកម្ម សំណង់ស៊ីវិល ពហុព្យាបាល កែច្នៃបន្លែផ្លែឈើ ជួសជុលម៉ាស៊ីនតូចធំ និងសេវាកម្មកុំព្យូទ័រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន៕
ឈុន សុភ័ក្រ