សង្គម

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបអ្នកជំនាញ AI ៧៥រូប ជំរុញរៀបចំផែនការមេអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅកម្ពុជា

image


ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) ប្រមាណ ៧៥រូប នៅទីស្តីការក្រសួង ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅអភិវឌ្ឍវិស័យ AI នៅកម្ពុជា។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានលើកឡើងពីសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធ AI ការបង្កើតយន្តការអភិបាលកិច្ច ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការប្រមូលទិន្នន័យ ការអភិវឌ្ឍម៉ូឌែលភាសាទូលាយ (Large Language Model) និងការអភិវឌ្ឍថ្នាលឌីជីថលដែលប្រើប្រាស់បច្ចេកវិទ្យា AI។

លោក ជា វ៉ាន់ដេត ក៏បានណែនាំឱ្យរៀបចំផែនការមេ និងផែនសកម្មភាពរយៈពេលមធ្យម សម្រាប់ការអភិវឌ្ឍថ្នាល AI ការពង្រឹងអភិបាលកិច្ច និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះ និងទាញយកអត្ថប្រយោជន៍អតិបរមាពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕

អត្ថបទ៖ សុភ័ស្ស