សម្តេចបវរធិបតី ៖ ក្មេងស្រី និង យុវនារី គឺជាអ្នកចូលរួមសាងអនាគត ចាប់ពីថ្ងៃនេះតទៅ
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី
-------
សម្តេចបវរធិបតី បានថ្លែងថា "កម្ពុជាសូមចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ និងដោយបញ្ជាក់ថា ក្មេងស្រី និង យុវនារី មិនមែនជាអ្នកអង្គុយរង់ចាំអនាគតទេ ។ ក្មេងស្រី និង យុវនារី គឺជាអ្នកចូលរួមសាងអនាគត ចាប់ពីថ្ងៃនេះតទៅ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
សម្តេចធិបតីបានបញ្ជាក់ថា "ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមកោតសរសើរចំពោះ សមាគមកាយឫទ្ធិនារីពិភព លោក ដែលបានបន្តបេសកកម្មដ៏មានតម្លៃ ក្នុងការគាំទ្រក្មេងស្រី និងយុវនារីជុំវិញ ពិភពលោក ឱ្យក្លាយជាពលរដ្ឋសកម្ម មានការទទួលខុសត្រូវ មានសមត្ថភាព និងមានទឹកចិត្ត បម្រើសង្គម ។ សម្តេចធិបតីក៏បានកោតសរសើរចំពោះសហគមន៍ OB-PS (The Olave Baden-Powell Society )ដែល បានប្រមូលផ្តុំមិត្តភក្តិ អ្នកគាំទ្រ សប្បុរសជន និងអ្នកជឿជាក់លើអនាគតរបស់ក្មេងស្រី ។
សម្តេចធិបតី ក៏គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់ លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំ ជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការសិក្សា ការបណ្តុះបណ្តាល ការបម្រើសង្គម និងការភ្ជាប់ខ្លួនជាមួយនឹងចលនាអន្តរជាតិ ៕