ព័ត៌មានជាតិ

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ បានប្រមូលផ្តុំស្តង់ជិត ៦០០ បង្ហាញជំនាញ ឱកាសការងារ និងឱកាសរកប្រាក់ចំណូល

image

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានទស្សនាដោយផ្ទាល់ការតាំងបង្ហាញស្នាដៃ ខ្សែច្រវាក់ផលិតកម្ម សមិទ្ធផល និងឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងឱកាសប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ទិវាជាតិនេះត្រូវបានរៀបចំទាំងនៅរាជធានីភ្នំពេញ និងតាមគ្រឹះស្ថាន TVET ទូទាំងប្រទេស ដោយមានការដាក់តាំងបង្ហាញសមិទ្ធផល កម្មវិធីបណ្តុះបណ្តាល និងស្នាដៃនានាពីអង្គភាពចំនួន ៤៣២ ដែលស្មើនឹង ៥៨៥ស្តង់។

ដោយឡែក នៅរាជធានីភ្នំពេញ មានការចូលរួមពីអង្គភាពចំនួន ១០៨ ដែលស្មើនឹង ២៦១ស្តង់ និងអនុវិស័យចំនួន ១២ រួមទាំងគ្រឹះស្ថាន TVET ល្បីៗចំនួន ១០ មកពីប្រទេសចិន។ កម្មវិធីរយៈពេលពីរថ្ងៃនេះ ក៏មានការវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញមានពីមុន (RPL) បាឋកថាចែករំលែកបទពិសោធន៍ ការណែនាំអាជីព និងមុខជំនាញអាទិភាព ដើម្បីជួយយុវជនឱ្យយល់កាន់តែច្បាស់ពីឱកាសការងារ និងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន៕