ព័ត៌មានអន្តរជាតិ

ជនភៀសសឹកលីបង់ សម្រុកវិលត្រឡប់ទៅស្រុកកំណើតវិញ ក្រោយពីមានកិច្ចព្រមព្រៀងរវាងអាម៉េរិក និងអ៊ីរ៉ង់

image

លីបង់៖ ភ្លាមៗបន្ទាប់ពីមានការប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ក្រុមប្រជាពលរដ្ឋភៀសខ្លួនលីបង់ជាច្រើនគ្រួសារ បាននាំគ្នាសម្រុកធ្វើដំណើរឆ្លងកាត់ស្ពាន អាល់កាស៊ីមីយ៉ា (Al-Qasimiya) ដែលជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ទីក្រុងស៊ីដូន (Sidon) ទៅកាន់ភាគខាងត្បូងប្រទេសលីបង់ ដើម្បីវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញទាំងទឹកមុខសប្បាយរីករាយ និងក្តីសង្ឃឹមថា នេះជាសង្គ្រាមចុងក្រោយបង្អស់សម្រាប់ពួកគេ ។

 

ទោះជាយ៉ាងណាក៏ដោយ កងទ័ពលីបង់បានចេញសេចក្តីថ្លែងការណ៍ដាស់តឿនឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនៃការវាយប្រហារពីអ៊ីស្រាអ៊ែល និងគ្រាប់រំសេវមិនទាន់ផ្ទុះ ខណៈដែលស្ពាន អាល់កាស៊ីមីយ៉ា នេះ ធ្លាប់ត្រូវយោធាអ៊ីស្រាអ៊ែលបើកការវាយប្រហារតាមអាកាសកម្ទេចចោលទាំងស្រុងកាលពីចុងខែមេសាកន្លងទៅ ។

 

ផ្ទុយទៅវិញ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល លោក អ៊ីស្រាអ៊ែល ខាតស៍ (Israel Katz) បានប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងមិនដកថយចេញពីទឹកដីដែលដណ្តើមបាននៅក្នុងប្រទេសលីបង់ឡើយ ព្រមទាំងព្រមានវាយបកវិញបើមានការវាយប្រហារពីអ៊ីរ៉ង់ ដោយសារតែអ៊ីស្រាអ៊ែលចាត់ទុកខ្លួនឯងថាមិនមែនជាភាគីដឹងឮក្នុងបទឈប់បាញ់នេះឡើយ ។

 

ទោះបីជាយ៉ាងនេះក្តី ភាគីអ៊ីរ៉ង់បានបញ្ជាក់ជាផ្លូវការថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឬ MOU បញ្ឈប់សង្គ្រាមរយៈពេល ៦០ថ្ងៃ បើកផ្លូវទឹក និងសម្រាលទណ្ឌកម្មសេដ្ឋកិច្ចជាមួយអាម៉េរិក នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ខណៈការចរចាបន្តនឹងត្រូវពន្យារពេលរហូតទាល់តែលក្ខខណ្ឌក្នុង MOU ត្រូវបានអនុវត្តរួចរាល់ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.