ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ប្រកាសពីជោគជ័យ ក្នុងការសង្គ្រោះអ៊ីស្រាអ៊ែលឱ្យរួចផុតពីការបំផ្លាញរបស់អ៊ីរ៉ង់ និងចេញមុខការពារទំនាក់ទំនងជាមួយលោក ត្រាំ

image


អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើសេចក្តីថ្លែងការណ៍ការពារសមិទ្ធផលសង្គ្រាម ដោយអះអាងថា គោលដៅយុទ្ធសាស្ត្រក្នុងការជួយសង្គ្រោះប្រទេសអ៊ីស្រាអ៊ែលឱ្យរួចផុតពីការបំផ្លិចបំផ្លាញ និងការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីសំណាក់ប្រទេសអ៊ីរ៉ង់ ត្រូវបានសម្រេចជាស្ថាពរ តាមរយៈកិច្ចសហការវាយប្រហារតាមអាកាសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាម៉េរិកនាពេលកន្លងមក ។
 
នៅក្នុងប្រតិបត្តិការដ៏ធំធេងនេះ យោធាអ៊ីស្រាអ៊ែលបានកម្ទេចអ្នកវិទ្យាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធយោធា កងទ័ពជើងទឹក ទ័ពអាកាស ព្រមទាំងរោងចក្រផលិតមីស៊ីលស្ទើរតែទាំងអស់របស់អ៊ីរ៉ង់ ដោយបង្កជាការខូចខាតសេដ្ឋកិច្ចដល់អ៊ីរ៉ង់ចន្លោះពីរាប់រយពាន់លានដុល្លារ រហូតដល់ជិត ១ទ្រីលានដុល្លារ ព្រមទាំងបានកាត់ផ្តាច់ខ្សែបណ្តាញយោធារបស់ប្រធានាធិបតី អាសាដ (Assad) នៅស៊ីរីថែមទៀតផង ។
 
ទន្ទឹមនឹងការប្រកាសពីការលុបបំបាត់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស់ ដូចជា លោក ដេហ្វ (Deif) លោក ហានីយ៉េ (Haniyeh) និងលោក ស៊ីនវ៉ា (Sinwar) រួមទាំងការចុះខ្សោយកម្លាំងរបស់ក្រុមហេសប៊ូឡា លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា អ៊ីស្រាអ៊ែលនឹងមិនដកថយចេញពីតំបន់សន្តិសុខបណ្តោះអាសន្ននៅតាមព្រំដែនហ្គាហ្សា និងលីបង់ឡើយ ហើយលោកបានទម្លាក់កញ្ចប់ថវិកាបន្ថែម ៣៥០ពាន់លានស៊ីកែលនៃរូបិយប័ណ្ណអ៊ីស្រាអ៊ែល (៩៥ ពាន់លានដុល្លារអាម៉េរិក) ទៅលើវិស័យការពារជាតិដើម្បីអភិវឌ្ឍបច្ចេកវិទ្យាយោធាបន្តទៀត ។
 
ជុំវិញសំណួរដេញដោលអំពីការលេចធ្លាយព័ត៌មានកិច្ចព្រមព្រៀងសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ លោកនាយករដ្ឋមន្ត្រីរូបនេះ បាននិយាយការពារទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ថាជាដៃគូដែលយល់ចិត្តគ្នា និងសង្កត់ធ្ងន់ថា ទោះជាមានកិច្ចព្រមព្រៀងណាមួយកើតឡើង ក៏វាត្រូវតែអមដោយយោធាដ៏រឹងមាំពីអ៊ីស្រាអ៊ែល ដើម្បីធានាដាច់ខាតថា មិនឱ្យអ៊ីរ៉ង់អាចផលិតអាវុធនុយក្លេអ៊ែរបានឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Or Yehuda Municipality via The New York Times/ CNN on Microsoft Bing.