ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ គ្រោងធ្វើដំណើរទៅចរចាជាមួយម៉ាឡេស៊ី ក្រោយវិស័យបង្គាថៃរងសម្ពាធធ្ងន់ធ្ងរ នៅពេលម៉ាឡេស៊ីផ្អាកការនាំចូលបណ្ដោះអាសន្ន

image


 
ប្រទេសថៃ៖ ក្រុមអ្នកនាំចេញ និងកសិករចិញ្ចឹមបង្គានៅភាគខាងត្បូងប្រទេសថៃ កំពុងតែប្រឈមមុខនឹងភាពមិនច្បាស់លាស់យ៉ាងខ្លាំង ក្នុងអាជីវកម្មរបស់ខ្លួន បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានប្រកាសហាមឃាត់ការនាំចូលបង្គាចំនួន ៥ប្រភេទ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីជាការឆ្លើយតបទៅនឹងវិធានការរបស់ភាគីថៃ ដែលបានរឹតបន្តឹងការនាំចូលត្រីមួយប្រភេទរបស់ម៉ាឡេស៊ីនាពេលមុននោះ ដោយសារតែក្តីបារម្ភជុំវិញបញ្ហាសារធាតុគីមីដែលបន្សល់ទុកនៅក្នុងសាច់ត្រី ។
 
វិធានការតតាំងផ្នែកពាណិជ្ជកម្មនេះ បានជះឥទ្ធិពលអវិជ្ជមានភ្លាមៗដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ដោយសារតែម៉ាឡេស៊ី គឺជាទីផ្សារដ៏សំខាន់ដែលស្រូបយកបរិមាណបង្គាពីថៃរហូតដល់ទៅ ៦,០០០ ទៅ ៨,០០០ តោនក្នុងមួយឆ្នាំៗ (ស្មើនឹង ៥% នៃការនាំចេញសរុបរបស់ថៃ) ដែលធ្វើឱ្យអ្នកនាំចេញថៃ ត្រូវកើនឡើងថ្លៃដើមឃ្លាំងស្តុក និងត្រូវបង្ខំចិត្តស្វែងរកទីផ្សារជំនួសជាបន្ទាន់ ។
 
ផលប៉ះពាល់សេដ្ឋកិច្ចនេះ ក៏បានរាលដាលដល់ទីផ្សារលក់រាយរបស់ម៉ាឡេស៊ីផងដែរ ដោយសារតែការខកខានមិនបាននាំចូលបង្គាថៃ ដោយធ្វើឱ្យអាជីវករម៉ាឡេស៊ីខ្សត់ជម្រើសទំនិញ និងត្រូវបង្ខំចិត្តលក់បង្គាក្នុងស្រុកដែលមានតម្លៃថ្លៃជាង ជាហេតុនាំឱ្យអតិថិជនកាត់បន្ថយការទិញ និងធ្វើឱ្យអាជីវកម្មមានភាពយឺតយ៉ាវ ។
 
សមាគមបង្គាថៃ បានសម្តែងក្ដីព្រួយបារម្ភថា ប្រសិនបើការផ្អាកនាំចូលនេះអូសបន្លាយរាប់សប្តាហ៍ វានឹងបង្កើតឱ្យមានបាតុភូតលើសតម្រូវការស្បៀងនៅក្នុងទីផ្សារក្នុងស្រុកថៃ ដែលសម្ពាធនេះ នឹងទាញទម្លាក់តម្លៃបង្គាឱ្យធ្លាក់ចុះយ៉ាងគំហុក និងអាចឈានទៅដល់ការបាត់បង់ចំណែកទីផ្សារឱ្យទៅគូប្រជែងផ្សេងទៀតនៅក្នុងតំបន់ ។
 
វិបត្តិសេដ្ឋកិច្ចព្រំដែននេះ បានកើតឡើងចំពេលដែលវិស័យបង្គារបស់ថៃ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយស្រាប់ ដោយសារតែទិន្នផលសរុបបានធ្លាក់ចុះពី ៦៤០,០០០ តោនក្នុងឆ្នាំ២០១០ មកនៅត្រឹមការរំពឹងទុកប្រហែល ១២០,០០០ ដល់ ១៤០,០០០ តោនក្នុងឆ្នាំ២០២៦ នេះ ព្រោះតែរងសម្ពាធពីការកើនឡើងនៃតម្លៃចំណីសត្វ តម្លៃពលកម្ម ថាមពល និងការប្រកួតប្រជែងពីប្រទេសអេក្វាឌ័រ ឥណ្ឌា និងវៀតណាម ។
 
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោក សុរិយា ជឿងរុងរឿងគិត (Suriya Juangroongruangkit) គ្រោងនឹងធ្វើដំណើរទៅចរចាកម្រិតគោលនយោបាយនៅម៉ាឡេស៊ី នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ខណៈដែលក្រុមអ្នកវិភាគបានព្រមានថា ប្រទេសក្នុងតំបន់មិនគួរប្រកួតប្រជែងគ្នាបែបបិទផ្លូវពាណិជ្ជកម្មនោះឡើយ ប៉ុន្តែត្រូវងាកមកបង្ហាញការពិតដោយតម្លាភាព ដើម្បីកុំឱ្យប៉ះពាល់ដល់ការហូបចុក និងការរស់នៅរបស់ប្រជាពលរដ្ឋរួមគ្នា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖ sootinclaimon on Microsoft Bing/ (CNA/Jarupat Karaunyaprasit)/ (CNA/Jack Board)/ (CNA/Fadza Ishak).