អភិបាលរងខេត្តកែប ដឹកនាំក្រុមការងារចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ និងដេប៉ូចែកចាយភេសជ្ជៈចំនួន ៣ ទីតាំង នៅស្រុកដំណាក់ចង្អើរ
ខេត្តកែប៖ ដើម្បីពង្រឹងការអនុវត្តច្បាប់ពាណិជ្ជកម្ម ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងទប់ស្កាត់ការជួញដូរទំនិញខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកែប លោក លី សាវេត អភិបាលរងខេត្តកែប រួមជាមួយលោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកែប បានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ និងដេប៉ូចែកចាយភេសជ្ជៈចំនួន ៣ ទីតាំង ក្នុងស្រុកដំណាក់ចង្អើរ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ធ្វើឡើងតាមការចង្អុលបង្ហាញរបស់ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម សាខាគយ និងរដ្ឋាករ សាខា ក.ប.ប. ខេត្ត អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច។
ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យទីតាំងស្តុកទំនិញ និងដេប៉ូចំនួន ៣ ទីតាំង ក្នុងនោះ ទីតាំងអាជីវកម្មលក់រាយភេសជ្ជៈ អាហារ និងថ្នាំជក់មួយកន្លែង ពិនិត្យឃើញថា ទំនិញជាផលិតផលក្នុងស្រុក មានគុណភាព និងកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវ។ ចំណែកឃ្លាំងស្តុកទំនិញមួយទីតាំងទៀត ពុំមានទំនិញស្តុកនៅក្នុងឃ្លាំងឡើយ។ រីឯដេប៉ូចែកចាយភេសជ្ជៈមួយទីតាំងទៀត បានអនុវត្តការបិទស្លាកពន្ធគយត្រឹមត្រូវ និងមិនពាក់ព័ន្ធនឹងទំនិញហាមឃាត់ ឬទំនិញខុសច្បាប់នោះទេ។
ក្រោយបញ្ចប់ការត្រួតពិនិត្យ ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម និងម្ចាស់ឃ្លាំងស្តុកទំនិញឱ្យបន្តគោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសការចុះបញ្ជីពាណិជ្ជកម្ម ការបិទស្លាកសញ្ញាអាជីវកម្ម ការបង្ហាញតម្លៃទំនិញជាប្រាក់រៀល និងការធានាគុណភាពទំនិញឱ្យស្របតាមស្តង់ដារ។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចនឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះការជួញដូរ ឬស្តុកទុកទំនិញខុសច្បាប់គ្រប់ប្រភេទ។
ការចុះត្រួតពិនិត្យនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកែប ក្នុងការធានាបរិយាកាសអាជីវកម្មប្រកបដោយតម្លាភាព ស្របច្បាប់ និងការពារសុវត្ថិភាពអ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកទប់ស្កាត់បទល្មើសសេដ្ឋកិច្ច និងការរត់ពន្ធទំនិញខុសច្បាប់នៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ ង៉ុង សាន់