សង្គម

ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET លើកទី៩ ឆ្នាំ២០២៦ ដែលផ្ដោតលើការធ្វើទំនើបកម្មជំនាញ និងគុណភាពជាចម្បង មានអ្នកចូលរួមជិត ១០ម៉ឺននាក់នៅទូទាំងប្រទេស

image


ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញប្រកាសបិទជាផ្លូវការនូវ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

យោងតាមរបាយការណ៍របស់លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញពីភាពជោគជ័យនៃការរៀបចំទិវាជាតិឆ្នាំនេះ ដែលមានអ្នកចូលរួមជិត ១០ ម៉ឺននាក់នៅទូទាំងប្រទេស។ អ្វីដែលជាមោទនភាពជាតិគឺ កូនខ្មែរដែលជាសិស្ស-និស្សិត TVET បានបង្ហាញសមត្ថភាពខ្ពស់ក្នុងការបង្កើតនូវរ៉ូបូតទំនើបៗ និងបានចូលរួមនៅក្នុងខ្សែច្រវាក់ផលិតកម្មកម្រិតខ្ពស់រួចជាស្រេច។

ថ្លែងនៅក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ថា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬទាបជាងថ្នាក់បាក់ឌុបនោះឡើយ ប៉ុន្តែជំនាញ TVET គឺជាជំនាញត្រឹមត្រូវ ស្មោះត្រង់ និងមានតម្លៃ ដែលទីផ្សារការងារទាំងក្នុង និងក្រៅប្រទេសត្រូវការបំផុត ខណៈក្រសួងកំពុងជំរុញវឌ្ឍនភាពថ្មីៗធ្វើយ៉ាងណាឱ្យវិស័យ TVET ក្លាយជាថ្នាលបណ្ដុះបណ្ដាល ឬជាកន្លែងបង្រៀនឱ្យចេះស្ទូចត្រី និងស្គាល់បឹងពិតប្រាកដ។

ដើម្បីឆ្លើយតបទៅនឹងការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលផ្ដោតលើគុណភាពជាចម្បង និងចៀសវាងករណីរៀនលេងៗ លោករដ្ឋមន្ត្រី បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដោយក្នុងនោះ សម្រាប់គ្រឹះស្ថាន TVET ត្រូវបន្តធ្វើបដិវត្តកម្មការបណ្ដុះបណ្ដាល ដោយបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងធ្វើឯកទេសកម្មជំនាញតាមសក្ដានុពលមូលដ្ឋាន ជំរុញយុទ្ធសាស្ត្រ «ការនាំជំនាញទៅរកអ្នកសិក្សា» និងផ្ដល់ការបណ្ដុះបណ្ដាល ព្រមទាំងការវាយតម្លៃសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

ទន្ទឹមនឹងនេះ សម្រាប់អគ្គនាយកដ្ឋាន TVET ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្ត «គន្លងវិជ្ជាជីវៈ» ឱ្យទទួលបានជោគជ័យ ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ នេះតទៅ ព្រមទាំងបន្តចងក្រងសន្និធិជំនាញកម្ពុជា និងជំរុញការបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យសម្រេចបានគ្រប់ចំនួន ១,៥ លាននាក់ ដោយផ្អែកលើគុណភាពជាចម្បង។

ដោយឡែកសម្រាប់វិស័យឯកជន លោករដ្ឋមន្ត្រីបានស្នើឱ្យបន្តដើរតួនាទីជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបាន តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដោយបង្កើនការផ្ដល់ឱកាសចុះកម្មសិក្សា និងហ្វឹកហ្វឺនកូនជាង ដើម្បីផ្សារភ្ជាប់ការបណ្ដុះបណ្ដាលទៅនឹងខ្សែច្រវាក់ផលិតកម្មជាក់ស្ដែង។
ទន្ទឹមគ្នានេះ លោកស្រី ស៊ាវយាន ឈាន (Xiaoyan Qian) នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ក៏បានគូសបញ្ជាក់បន្ថែមថា ជំនាញ TVET មិនមែនគ្រាន់តែជាអត្ថប្រយោជន៍ធម្មតានោះទេ ប៉ុន្តែជា «ទ្រព្យសម្បត្តិយុទ្ធសាស្ត្រជាតិ» ដ៏សំខាន់ក្នុងការកសាងអនាគតកម្ពុជា តាមរយៈការបង្កើតការងារសមរម្យ និងប្រាក់ចំណូលប្រកបដោយចីរភាព។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រព័ន្ធជំនាញ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើតេស្ត RPL ជាពិសេសសម្រាប់ពលករចំណាកស្រុកដែលវិលត្រឡប់មកវិញ និងបានអំពាវនាវឱ្យមានការរួមគ្នាប្រែក្លាយការសន្ទនាទៅជាសកម្មភាពជាក់ស្តែង តាមរយៈការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍជំនាញប្រកបដោយគុណភាព បរិយាបន្ន និងឆ្លើយតបទៅនឹងទីផ្សារការងារឌីជីថល ដោយមិនទុកនរណាម្នាក់ចោលឡើយ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណជូនដល់ម្ចាស់សហគ្រាស គ្រឹះស្ថានសិក្សា និងដៃគូអភិវឌ្ឍន៍ ក្នុងការកសាងមូលធនមនុស្ស ដើម្បីនាំកម្ពុជាឆ្ពោះទៅរកចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕