អាជ្ញាធរ និងមន្ត្រីខេត្តកំពត បើកយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២
កំពត៖ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» មានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធនៅខេត្តកំពត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពព័ត៌មានឌីជីថល ជំរុញការគិតវិភាគ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសង្គម។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន (កំពង់ក្រុង) នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានអ្នកប្រើប្រាស់ Facebook ជាង ១៥លានគណនី និង TikTok ជាង ១០លានគណនី ដែលភាគច្រើនជាយុវជនអាយុក្រោម ៣៤ឆ្នាំ។ ដូច្នេះការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាសំខាន់ក្នុងការជួយឱ្យយុវជនអាចសម្គាល់ព័ត៌មានពិត ព័ត៌មានក្លែងក្លាយ និងប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ។
លោកអនុរដ្ឋលេធិការ បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បុគ្គល គ្រួសារ សាលារៀន សហគមន៍ និងសង្គមទាំងមូល ដោយបង្កការភាន់ច្រឡំ ការភ័យខ្លាច និងការបែកបាក់សាមគ្គីភាព។ ជាពិសេស សម្រាប់យុវជន និងសិស្សានុសិស្ស វាអាចប៉ះពាល់ដល់ការសិក្សា ការអភិវឌ្ឍបុគ្គលិកលក្ខណៈ និងអនាគតរបស់ពួកគេ។
ជាមួយគ្នានេះ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានអំពាវនាវឱ្យសិស្សានុសិស្សអនុវត្តគោលការណ៍ «គិតមុននឹងចែករំលែក» ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ ឬផ្សព្វផ្សាយបន្ត។ លោកអភិបាលរងខេត្តបានលើកទឹកចិត្តឱ្យយុវជនក្លាយជាពលរដ្ឋឌីជីថលដែលមានចំណេះដឹង សីលធម៌ និងទំនួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា។
ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយមិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងគ្រឹះស្ថានសិក្សា គ្រួសារ ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងប្រជាពលរដ្ឋទាំងអស់ ដើម្បីកសាងវប្បធម៌ថ្មីមួយ គឺ «មុននឹងជឿ ត្រូវគិត មុននឹងចែករំលែក ត្រូវផ្ទៀងផ្ទាត់ និងមុននឹងផ្សព្វផ្សាយ ត្រូវទទួលខុសត្រូវ»៕
អត្ថបទ៖ វង្ស សុធារម្យ