ខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ប្រទេសវៀតណាម រួមគ្នាជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីបង្កើនឱកាសវិនិយោគទ្វេភាគី
មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ «សន្និសីទជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់» ក្រោមអធិបតីភាព លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី លោក លឿង ង្វៀន មិញទៀត លេខាបក្សខេត្តដាក់ឡាក់ និងលោក ង្វៀន ធៀនវ៉ាន់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងតំណាងវិនិយោគិន អាជីវករនៃខេត្តទាំងពីរ នៅខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរី ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម កសិកម្មទំនើប និងវិស័យទេសចរណ៍ធម្មជាតិ ដែលកំពុងមានការអភិវឌ្ឍយ៉ាងរហ័ស។ ខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ បានសហការគ្នាយ៉ាងល្អក្នុងការផ្សព្វផ្សាយពីបញ្ហាព្រំដែន ធុរកិច្ច និងការវិនិយោគដល់ប្រជាពលរដ្ឋ និងបានរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋខេត្តទាំងពីរ។
លោកបានបញ្ជាក់ថា សន្និសីទនេះគឺជាស្ពានចម្លងដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរជន និងធុរជន នៃខេត្តទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់ពីនីតិវិធីច្បាប់ និងស្វែងរកឱកាសចាប់ដៃគូរួមគ្នាបញ្ចេញទុនវិនិយោគលើគម្រោងនានា។
លោក លឿង ង្វៀន មិញទៀត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស តំណាងគណៈប្រតិភូ និងវិនិយោគិនមកពីខេត្តដាក់ឡាក់ បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើន និងឱកាសវិនិយោគនៅខេត្តមណ្ឌលគិរី ដោយបានបង្ហាញពីគោលបំណងក្នុងការកសាងកិច្ចសហប្រតិបត្តិការលើការនាំចេញ-នាំចូលកសិផល ការចែករំលែកបច្ចេកវិទ្យាកសិកម្ម និងការជំរុញលំហូរភ្ញៀវទេសចរឆ្លងដែនរវាងខេត្តទាំងពីរឱ្យកាន់តែសកម្ម។
លទ្ធផលនៃសន្និសីទនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន សម្របសម្រួលផ្នែកគតិយុត្ត និងរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីធានាថា វិនិយោគិននៃខេត្តទាំងពីរ អាចដំណើរការអាជីវកម្មទៅមុខដោយរលូន និងទទួលបានផលប្រយោជន៍រួមគ្នា ស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម៕